(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលកាតា​បាននិយាយនៅដើមសប្តាហ៍ថា ខ្លួនជឿជាក់លើ​សេចក្ដីរាយការណ៍​របស់កាសែត Washington Post ដែលបង្ហាញ​ពីការទទួលខុស​ត្រូវ​របស់ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម ពាក់ព័ន្ធនឹង​ការចូល Hack គេហទំព័រ​ទីភ្នាក់ងារ​សារព័ត៌មានកាតា​កាលពីចុង​ខែឧសភា ដើម្បីបើក​ផ្លូវឱ្យបណ្ដា​ប្រទេសអារ៉ាប់​ផ្សេងទៀត​ ធ្វើសង្រ្គាម​ការទូត​ជាមួយទីក្រុង​ដូហា។ នេះបើ​តាមការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាលកាតា ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ ​

ជុំវិញសេចក្ដី​រាយការណ៍​នេះដែរ ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​កាតា បានកត់​សម្គាល់​នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន​ដូច្នេះថា «ព័ត៌មាន​ដែល Washington Post បាន​ចុះផ្សាយ... បានបង្ហាញយ៉ាងច្បាស់ថា អេមីរ៉ាត់អារ៉ាប់រួម​មានជាប់ពាក់ព័ន្ធ​នឹង​ការចូល Hack គេហទំព័រ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋកាតា ហើយផ្អែកលើ​ព័ត៌មាន​នេះ​ទៀតសោត​បទ​ល្មើស Hack នេះពិតជា​បានកើតឡើង​ប្រាកដ​មែន»

គួរបញ្ជាក់ថា Washington Post ដោយផ្អែកលើ​ការបញ្ជាក់​ពី​ក្រុមមន្ត្រី​អាមេរិក​បានឱ្យ​ដឹងថា អេមីរ៉ាត់អារ៉ាប់រួម គឺអ្នករៀបចំ​គំរោងឱ្យ​បណ្ដាញ​ទំនាក់ទំនង​សង្គម និងគេហទំព័រ​ព័ត៌មាន​របស់​រដ្ឋាភិបាល​កាតា​ត្រូវបានគេ Hack កាលពីចុង​ខែឧសភា​កន្លងទៅ ក្នុងចេតនា​បង្ហោះសម្រង់​សម្ដីខុស​របស់​ព្រះមហាក្សត្រ​កាតា ដែលជាដើម​ចម​បង្កឱ្យបណ្ដា​ប្រទេស​អារ៉ាប់ នាំគ្នា​កាត់ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយកាតា។ ជម្លោះ​ការទូត​នេះ កើតឡើង​បន្ទាប់​ពីព្រះមហាក្សត្រ​កាតា Sheikh Tamim bin Hamad al-Thani ត្រូវបាន​សារព័ត៌មាន​កាតា ស្រង់សម្ដី​ចុះផ្សាយ​កាលពី​ខែឧសភា ដោយមានខ្លឹមសារ​គាំទ្រ​ក្រុមហាម៉ាស់ និងថា​អ៊ីរ៉ង់ជាប្រទេស​អ៊ីស្លាមដ៏ខ្លាំង។

តមកទៀត​ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែនបាន​កាត់ផ្ដាច់ទំនាក់​ទំនង​ការទូត​ជាមួយកាតា កាលពីថ្ងៃទី០៥ ខែមិថុនា សម្រាប់ការ​គាំទ្រក្រុមភេរវករ បើទោះជាកាតា​បដិសេធ​ជាច្រើនដង ព្រមទំាងអះអាងថា សម្រង់សម្ដីនោះគឺ​ជារឿងមិនពិត ត្បិត សារព័ត៌មាន​ខ្លួនត្រូវ​បានគេ Hack ក៏ដោយ។

យ៉ាងណាក៏ដោយ បើតាម​កាសែត Washington Post ក្រុមមន្ត្រី​ចារកិច្ចអាមេរិក មិនទាន់ប្រាកដ​នោះទេថា រដ្ឋាភិបាល​អេមីរ៉ាត់អារ៉ាប់​រួមគឺជាអ្នក Hack ឬក៏ចំណាយប្រាក់​ឱ្យអ្នកដទៃ Hack គេហទំព័រ​សារព័ត៌មាន​កាតា។ រីឯស្ថានទូត​អេមីរ៉ាត់អារ៉ាប់រួម​ប្រចំា​សហរដ្ឋអាមេរិក ក៏បានចេញ​មុខ​បដិសេធនឹង​សេចក្ដីរាយការណ៍​របស់ Washington Post ហើយថា​ វាគឺរឿងមិនពិត៕