(ឌូបៃ)៖ វាជាឱកាសល្អណាស់​សម្រាប់អាកាសចរណ៍​ដ៏ធំបំផុតគឺ Emirates Airline ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម និងអកាសចរណ៍​ក្នុងស្រុកមួយទៀត គឺ flydubai នៅក្នុងការពង្រីក​ភាព​ដៃគូពាណិជ្ជកម្ម​របស់ខ្លួន ខណៈអាកាសចរណ៍​​កាតារបស់​ប្រទេសកាតា កំពុងតែជួប​ប្រទះ​​នូវ​វិបត្តិ ដោយសារតែ​​ការកៀបសង្កត់​របស់បណ្តា​រដ្ឋអារ៉ាប់​ឈូង​សមុទ្រ​មួយចំនួន ដោយក្នុងនោះ​​រួមមានទាំង​​អេមីរ៉ាត់​អារ៉ាប់​រួម​ផងដែរនោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ការពង្រីកវិសាលភាពរបស់អាកាសចរណ៍ អេមីរ៉ាត់អារ៉ាប់រួមទាំងពីរខាងលើនេះ គឺផ្តោតសំខាន់​​បំផុតទៅលើការ​ធានា​ប្រព័ន្ធ​សុវត្ថិភាព និងការបម្រើ​សេវា​ដល់អតិថិជន​ឲ្យបានកាន់តែ​ប្រសើរ​ជាងមុន។ ក្រុមហ៊ុនទាំងពីរសន្យា នឹងតភ្ជាប់បណ្តាញ​រវាងគ្នា នៅក្នុងប្រតិបត្តិការ​ហោះហើរ ដើម្បីធ្វើឲ្យមាន​ការរីកចំរើនទៅមុខ​នៃផ្នែកពាណិជ្ជកម្ម។ បន្ថែមពីនេះទៀត អាកាសចរណ៍​ទាំងពីរ​ក៏បានសន្យាថា នឹងធ្វើការអភិវឌ្ឍ​បន្ថែមនូវព្រលានយន្តហោះ​អន្តរជាតិ Dubai ឬក៏គ្រប់គ្នា​ស្គាល់ថា DXB ដើម្បីផ្តល់ជូន​អតិថិជននូវការ​ធ្វើដំណើរ និងឆ្លងកាត់​ប្រកបដោយ​ក្តីចងចាំ មិនអាច​បំភ្លេចបាន ចំពោះសេវាកម្ម​នានាដែលអេមីរ៉ាត់អារ៉ាប់រួម​ផ្តល់ជូនផងដែរ។

គួរបញ្ជាក់ថា គិតចាប់ពីបំណាច់ខែមីនា ឆ្នាំ២០១៦ ដល់បំណាច់ខែមីនា ឆ្នាំ២០១៧ អាកាសចរណ៍អេមីរ៉ាត់ បានទទួលប្រាក់ចំណេញ ៣៤០លានដុល្លារ​អាមេរិក ធ្លាក់ចុះ ៨២.៨ភាគរយ​ពីឆ្នាំមុន ដែលខ្លួនបានចំណេញ រហូតដល់ទៅ ១.៩៣ពាន់លាន​ដុល្លារឯណោះ ក៏ព្រោះតែ​ការកើនឡើងតម្លៃ​នៃប្រាក់ដុល្លារអាមេរិក។ អេមីរ៉ាត់​មាន​យន្តហោះ ២៥៩គ្រឿង ធ្វើប្រតិបត្តិការ​ទៅលើ ១៥៧គោលដៅ ខណៈអាកាសចរណ៍ Flydubai មានយន្តហោះ ៥៨គ្រឿងប្រភេទ Boeing 737 ធ្វើប្រតិបត្តិការលើ ៩៥គោលដៅ៕