(សេអ៊ូល)៖ នាយកទីភ្នាក់ងារ​អភិវឌ្ឍន៍មីស៊ីល​កូរ៉េខាងជើង លោក Jang Chang-ha ត្រូវបាន លោក គីម ជុងអ៊ុន​ តម្លើងតំណែង​ជាឧត្ដមសេនីយ៍​ផ្កាយ៣ បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បានបាញ់សាកល្បង​ដោយជោគជ័យ​នូវមីស៊ីលផ្លោង​ឆ្លងទ្វីប ICBM ជាលើកដំបូង​កាលពី​សប្ដាហ៍មុន។ នេះបើតាមការវិភាគ​លើរូបថត​ជាច្រើន ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមរូបថត​ដែលត្រូវ​បានថត នៅអំឡុងការ​ប្រគុំតន្ត្រីមួយ​កាលពីថ្ងៃទី០៩ ខែកក្កដា ក្នុងទីក្រុង​ព្យុងយ៉ាង ដើម្បីអបអរសាទរ​ការធ្វើតេស្ត​ដោយ​ជោគជ័យនេះ លោក Jang Chang-ha បានអង្គុយ​នៅក្បែរ លោក គីម ជុងអ៊ុន ជាមួយនឹង​ឯកសណ្ឋានឧត្ដមសេនីយ៍​ផ្កាយបី។ ក៏ប៉ុន្តែ​នៅអំឡុងពិធី​ប្រារព្ធខួបលើកទី២៣ នៃមរណៈភាពបិតាស្ថាបនិក​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង កាលពី​ថ្ងៃទី០៨ ខែកក្កដា លោក​ Jang បានអង្គុយជិត លោក គីម ជុងអ៊ុន ដោយស្លៀក​ឯកសណ្ឌានឧត្ដមសេនីយ៍​ផ្កាយពីរ ប៉ុណ្ណោះ ដែលនេះគឺអាច​និយាយបានថា អ្នកជំនាញ​មីស៊ីលកូរ៉េ​ខាងជើងរូនេះ ត្រូវបានតម្លើង​តំណែងនៅ​ចន្លោះថ្ងៃទី០៨ និងថ្ងៃទី០៩ ខែកក្កដា​កន្លងទៅ បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង ប្រកាសពី​ជោគជ័យ​នៃការធ្វើតេស្ដ​មីស៊ីល ICBM​។

គួរបញ្ជាក់ថា លោក Jang Chang-ha ត្រូវបានគេ​ស្គាល់ថា គឺជាអ្នកជំនាញ​ម្នាក់ខាងអាវុធ និងមីស៊ីល ព្រមទាំងបាន​គេចាត់ទុកថា ជាវីរៈបុរស​កូរ៉េខាងជើង​ម្នាក់​កាលពីខែធ្នូ ឆ្នាំ២០១២ សម្រាប់ការ​ចូលរួមចំណែក​ក្នុងការនាំយក​ផ្កាយរណប Kwangmyonsong-3 ​ទៅកាន់​គន្លងតារាវិថី ហើយមិនតែ​ប៉ុណ្ណោះលោកតែងតែ​មានវត្តមាន​ជានិច្ច នៅពេល​កូរ៉េខាងជើង​បាញ់សាក​ល្បង​មីស៊ីលម្ដងៗ៕