(ដូហា)៖ ប្រទេសកាតា​មានប្រាក់បម្រុងទុក ៣៤០ពាន់លានដុល្លារ រួមទាំងទ្រព្យ​សម្បត្តិរដ្ឋជាច្រើនទៀត ដែលអាចជួយ​ប្រទេសជាតិ ទប់ទល់នឹងការដាក់ទណ្ឌកម្ម​ពីសំណាក់បណ្ដារដ្ឋអារ៉ាប់​ជិតខាង។ នេះបើតាម​ទេសាភិបាលធនាគារ​កណ្ដាលកាតា លោក Sheikh Abdullah Bin Saoud al-Thani ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍ ជាមួយស្ថានីយ៍​ទូរទស្សន៍​អាមេរិក CNBC ចេញផ្សាយ​នៅថ្ងៃចន្ទនេះ លោក al-Thani បានលើក​ឡើងយ៉ាងដូច្នេះថា «នេះគឺជាប្រព័ន្ធ​ដ៏គួរឱ្យទុកចិត្ត​របស់កាតា... យើងមានប្រាក់​បម្រុងទុកគ្រប់គ្រាន់ ដើម្បីការពារ និងទប់ទល់រាល់ភាព​វឹកវរទំាងឡាយ... ហើយយើង​កំពុងធ្វើការងារ​ជាមួយអង្គការ​រូបិយវត្ថុអន្តរជាតិ IMF ឬស្ថាប័នជា​ច្រើនសំដៅបង្កើត ប្រព័ន្ធច្បាប់, សវនាកម្ម និងការត្រួតពិនិត្យ​ឡើងវិញ​របស់យើង»។ លោក Thani បន្ថែម​ទៀតថា ធនាគារ​កណ្ដាលកាតា មានមាស​ជាគិតលុយ ៤០ពាន់លានដុល្លារ ព្រមទំាងបា្រក់​សុទ្ធរហូតដល់ទៅ ៣០០ពាន់លានដុល្លារ។

ទោះបីយ៉ាងនេះក្តី គិតចាប់តាំង​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប កាត់ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយ​ទីក្រុងដូហា កាលពីថ្ងៃទី០៥ ខែមិថុនាមក ទីផ្សារភាគហ៊ុន និងប្រាក់ Ryal​ របស់កាតា​បានខាតបង់​មិនតិចនោះទេ ខណៈក្រុម​អ្នកសេដ្ឋកិច្ច​មួយចំនួនរំពឹងថា រដ្ឋាភិបាលកាតា អាចនឹង​បង្កើនការ​នាំចេញឧស្ម័ន ក៏ដូចជាស្វែង​រកផ្លូវដឹកជញ្ជូនថ្មី​មួយ ដើម្បី​ប្រឈមមុខ​នឹងវិបត្តិ​បច្ចុប្បន្ន៕