(អាល្លឺម៉ង់)៖ ចាប់តាំងពីតែពីបានស្បថឡើងកាន់តំណែងជាមេដឹកនាំអាមេរិកថ្មីមក ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិងកំពុងអង្គុយពិភាក្សាទល់មុខគ្នា ជាមួយនិងប្រធានាធីបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន RT នៅយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានេះដែរ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Rex Tillerson បានបង្ហាញក្តី​សង្ឃឹម​របស់លោក​ថា ប្រធានា​ធិបតី ដូណាល់ ត្រាំ និង​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈគ្នា​ ប្រកបដោយភាព​ល្អប្រសើរមួយស្តី​ពី​ការយល់​​ឃើញរបស់​មេដឹកនាំទាំងពីរ ជុំវិញទំនាក់ទំនង​អាមេរិក-រុស្ស៊ី ស្របពេលដែលវិមាន​ក្រឹមឡាំងក៏បានលើកឡើង​ដែរថា «វា​នឹង​ជា​ឱកាស​​ដ៏​ប្រសើរ​មួយ ក្នុងការស្វែងយល់​ចិត្តថ្លើមគ្នា»។

គួរបញ្ជាក់ថា ជំនួបដែលគ្រប់គ្នាបានទន្ទឹមរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកនេះ ​ត្រូវគេរំពឹងថា នឹងមានរយៈពេល​៣០នាទី ដោយអមជាមួយវត្តមានរបស់លោក Rex Tillerson និងរដ្ឋមន្រ្តីការ​បរ​ទេស​​រុស្ស៊ី លោក Sergey Lavrov៕