(អាល្លឺម៉ង់)៖ បណ្តាមេដឹកនាំនៃប្រទេសធំៗជាច្រើន ដែលត្រូវចូលរួមកិច្ចប្រជុំកំពូល G20 បានជួបប្រទះបញ្ហាឈឺក្បាលជាខ្លាំង និង​ពុំ​សូវជាពេញចិត្តប៉ុន្មាននោះឡើយ ជុំវិញស្ថានការណ៍ដ៏តានតឹន នៃការធ្វើបាតុកម្មទ្រង់ទ្រាយធំដ៏កក្រើកនៅឯទីក្រុង Hamburg នៃ​ប្រទេស​អា​ល្លឺ​ម៉ង់ ជាទីដែលអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃ​ព្រឹត្តិការណ៍​អន្តរ​ជាតិ​នេះ ខណៈ​ក្រុម​អ្នក​តវ៉ាទាំងអស់នោះបានព្យាយាមបង្កភាពរាំងស្ទះដល់កិច្ចប្រជុំ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មានអា​ល្លឺ​ម៉ង់ នៅយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមអ្នកតវ៉ាជាច្រើននាក់ បានរួមគ្នាបង្កភាពវឹកវរនៅក្នុងទីក្រុង Hamburg ដើម្បីបង្កើតការំខានក៏ដូចជាបង្កភាពរាំងស្ទះដល់ដំណើរ​ការ​នៃកិច្ចប្រជុំ G20 ដោយពួកគេបានព្យាយាមចូលទៅក្នុងតំបន់ Red Zone ដែលជាតំបន់ហាមឃាត់មិនឲ្យចេញចូល នៅ​ប៉ុន្មាន​​គីឡូ​ម៉ែត្រ​ពី​ទីតាំងនៃកិច្ចប្រជុំនេះ។ ក្រុមអ្នកតវ៉ាទាំងនោះ ក៏បានប៉ុនប៉ងទៅបិទដងវិថីធ្វើដំណើរសម្រាប់បណ្តាប្រតិភូអន្តរជាតិ ដែលត្រូវ​ទៅ​ចូលរួមកិច្ចប្រជុំផងដែរ ក៏ប៉ុន្តែត្រូវប៉ូលិសធ្វើសកម្មភាពបង្រ្កាបឲ្យចេញពីទីនោះជាបន្ទាន់វិញ។ តួយ៉ាងដោយសារតែស្ថានការណ៍​ដ៏តានតឹននេះ អ្នកនាំពាក្យរបស់ជំទាវទីមួយអាមេរិកលោកស្រី Melania Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី ពុំអាច​ទៅចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួន ដែលបានគ្រោងទុកជាមួយបណ្តាភរិយានៃមេដឹកនាំ G20 ដទៃៗទៀតនោះឡើយ។

គួរបញ្ជាក់ថា នៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏​បាន​បង្ក​ជា​អំពើហិង្សា ក្រោយក្រុមបាតុករមួយចំនួននំាគ្នា ចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុ​បង្ខំ​ឱ្យ​ប៉ូលិស​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ។ មិនតែប៉ុណ្ណោះ ប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែលបាននិងកំពុងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ។ ម៉្យាង​វិញទៀត មន្ត្រីប៉ូលិសរងរបួសបានកើនឡើងដល់​១៥៩នាក់ និងមនុស្ស៤៥នាក់ផ្សេងទៀត​ត្រូវបានចាប់ខ្លួន នៅអំឡុង​កា​រប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សានេះ៕