( Hamburg)៖ ប៉ូលិសអាល្លឺម៉ង់ ថ្ងៃសុក្រនេះបាននិយាយថា មន្ត្រីប៉ូលិសរងរបួសបានកើនឡើងដល់​១៥៩នាក់ និងមនុស្ស៤៥នាក់ផ្សេងទៀត​ត្រូវបានចាប់ខ្លួន នៅអំឡុងការប៉ះទង្គិចគ្នាដោយហិង្សា នៅឯទីក្រុង Hamburg ជាទីដែលកិច្ចប្រជុំ G20 កំពុងប្រព្រឹត្តទៅនៅពេលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today​ នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សា ក្រោយក្រុមបាតុករមួយចំនួននំាគ្នា ចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ។ មិនតែប៉ុណ្ណោះ ប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែលបាននិងកំពុងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ៕