(អាល្លឺម៉ង់)៖ ប៉ូលិសរបស់ប្រទេសអាល្លឺម៉ង់ បានស្នើសុំកងកម្លាំងបន្ថែម ដើម្បរឹតបន្តឹងសន្តិសុខនៅក្បែរបរិវរណ នៃកិច្ចប្រជុំកំពូល G20 ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ នៅឯទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាដ៏សាហាវ ជាមួយក្រុមបាតុករ ខណៈរចន្តបាតុកកម្មតវ៉ាកាន់តែធំធាត់ឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន DW នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ជុំវិញបាតុកម្មហិង្សាដ៏សាហាវនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប៉ូលិស២០០នាក់ ត្រូវបានបញ្ជូនឱ្យគាំទ្រប៉ូលិស ក្នុងទីក្រុង Hamburg ដើម្បី ការពារសុវត្ថិភាពនិងរក្សា សណ្ដាប់ដល់កិច្ចប្រជុំ G20។ ​ចំណែកឯរដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់ លោក Keiko Maas ក៏បានព្រមានដែរថា ជនបង្កអំពើហិង្សា អាចនឹងប្រឈមមុខ នឹងការចោទប្រកាន់ពីបទឧក្រិដ្ឋដែល នឹងអាចត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ ស្របពេលរដ្ឋមន្ត្រីការបទេស អាល្លឺម៉ង់លោក Sigmar Gabriel បានថ្កោលទោសយ៉ាងខ្លំាងចំពោះអ្នក នៅពីក្រោយការប្រព្រឹត្តអំពើហិង្សា​ ។​ ​

ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាដង្ហែតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ហើយនៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សាផងដែរ ដោយបណ្ដាលឱ្យប៉ូលិស១១១នាក់រងរបួស គិតចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍មក។ ការប៉ះទង្គិចគ្នា នេះកើតឡើង ក្រោយក្រុមបាតុករមួយចំនួននំាគ្នាចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិស សម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករ ទាំងនេះ។

មិនតែប៉ុណ្ណោះនៅក្នុងអំពើហិង្សានេះ បាតុករជាច្រើននាក់បានរងរបួស និងអ្នកខ្លះទៀត ត្រូវបានប៉ូលិសចាប់ខ្លួន ខណៈប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ អាចនឹងចូលរួមជាថ្មីនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែល បាននិងកំពុងប្រព្រឹត្តទៅនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្អែកនេះ។

គួរបញ្ជាក់ថា អាជ្ញាធរអាល្លឺម៉ង់ បានដាក់ពង្រាយប៉ូលិស ២០,០០០នាក់ នៅទីក្រុង Hamburg ដើម្បីទប់ស្កាត់សកម្មភាព វាយប្រហារភេរវកម្ម ស្របពេលចរន្ត ប្រឆាំងនឹង G20។ G20 មាន សមាជិកដូចជា អាហ្សង់ទីន, អូស្ត្រាលី, ប្រេស៊ីល, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីតាលី, ជប៉ុន, មិចស៊ីកូ, រុស្ស៊ី, អារ៉ាប៊ីសាអូឌីត, អាហ្វ្រិកខាងត្បូង, កូរ៉េខាងត្បូង, តួកគី, អង់គ្លេស, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕