(ប៉ូឡូញ)៖ បណ្តាញព័ត៌មាន BBC របស់អង់គ្លេស បានចេញផ្សាយខ្សែវីដេអូខ្លីមួយ ស្តីពីការស្វាគមន៍ដំណើរ​មកដល់នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកជំទាវទីមួយលើលោក ពីសំណាក់​ប្រធានាធិបតីប៉ូឡូញ និងភរិយា ប៉ុន្តែខណៈស្វាមីរបស់ខ្លួនបានចាប់ដៃរាក់ទាក់លោក ត្រាំ រួចនោះ ភរិយារបស់​លោកមិនបានស្វាគមន៍ទៅលោក ត្រាំ វិញដូចស្វាមីខ្លួននោះឡើយ បើទោះបីជាលោក ត្រាំ លូកដៃមកបំរុងចាប់ដៃ​​លោកស្រីមុន​តាមរបៀបរបប​ការទូតក៏ដោយ។ នេះបើយោង​តាមវីដេអូដែលបានចេញផ្សាយ នៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់បណ្តាញព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។ 

ទោះបីជាបែបនេះក្តី មតិជាច្រើននៅក្នុងបណ្តាញសង្គមបានលើកឡើងថា វាជារឿងធម្មតានោះទេ ដែលស្ត្រីទីមួយ​នៃប្រជាជាតិទាំងពីរត្រូវតែរាក់ទាក់គ្នាមុន ហើយភរិយាប្រធានាធិបតីប៉ូឡូញ ក៏បានងាកមកស្វាគមន៍លោក ត្រាំ វិញ​ក្រោយពីបានចាប់ដៃភរិយាលោក ដូណាល់​ ត្រាំ រួចរាល់ផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទឹកមុខ​ដ៏ពិបាកថ្លាថ្លែងរបស់លោក ត្រាំ ក្នុងពេលដែលលោកបានលូកដៃប្រុងចាប់ដៃភរិយាប្រធានាធិបតីប៉ូឡូញ ទៅហើយ បែរជាត្រូវបានលោកស្រីមើលមិនឃើញហើយដើរហួស។

សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ ហើយនិងពិចារណាទៅតាមការមើលឃើញ​ទៅចុះ៖