(មីយ៉ាន់ម៉ា)៖ រដ្ឋាភិបាលនៃសហភាពមីយ៉ាន់ម៉ា កំពុងស្វះស្វែងដើម្បីបញ្ចូលវត្ត Shwedagon ទៅក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក​របស់អង្គការ UNESCO​ នៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

វត្ត Shwedagon មានកម្ពស់ ៩៩ម៉ែត្រ ស្ថិតនៅលើ​កូនភ្នំ Singuttara នៃភាគខាងលិច​បឹង Kandawgyi ក្នុងទីក្រុង Yangon គឺជារម្មណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏មានប្រជាប្រិយភាព​ជាងគេ មួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា​ និងភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ជាក់ស្ដែងនៅអំឡុង ០៥ខែដំបូង ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេសប្រមាណ ៣០០,០០០នាក់ បានមកកម្សាន្តវត្ត Shwedagon ដែលមានអាយុកាលជាង ២,៥០០ឆ្នាំ។ ជាងនេះទៅទៀត បើគិតក្នុងរយៈពេលមួយឆ្នាំៗ ភ្ញៀវទេសចរបរទេសច្រើនជាង ៥០០,០០០នាក់ មកពីប្រទេស​៤០ បានមកកម្សាន្តនៅវត្តមួយនេះ៕