(អាល្លឺម៉ង់)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរ​ទៅដល់ទីក្រុង Hamburg ភាគខាងជើង​អាល្លឺម៉ង់ហើយ​នាព្រឹក​ថ្ងៃសុក្រនេះ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូល G20 ដែលប្រមូលផ្តុំ​ទៅដោយ​បណ្តាមេដឹកនាំ​ប្រទេស មានសេដ្ឋកិច្ចរីកចម្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

លោក ពូទីន ត្រូវគេរំពឹងថា នឹងចូលរួមក្នុង​វេទិកាពិភាក្សាមួយ​ចំនួន ស្តីពីបញ្ហានានាលើលោក ហើយនឹង​ជួបពិភាក្សាទ្វេភាគី​នៅក្នុងជំនួប​ក្រៅ​ផ្លូវការ នៃកិច្ចប្រជុំអន្តរជាតិ​រយៈពេលពីរថ្ងៃនេះ ជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ តួកគី ជប៉ុន អូស្រ្តាលី និងជាពិសេសនោះ គឺមេដឹក​នាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមនុស្ស​ភាគច្រើន​បានទន្ទឹងរង់ចាំ​ អស់រយៈពេលជា​ច្រើនខែមក​ហើយ សម្រាប់ជំនួបនេះ។

ម៉្យាង​វិញទៀត​កិច្ចពិភាក្សារវាង លោក វ៉្លាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ នឹងជាជំនួប​ទល់មុខគ្នា​លើកដំបូង​បំផុត បន្ទាប់អតីត​​មហាសេដ្ឋី​អចលនទ្រព្យ​របស់​សហរដ្ឋអាមេរិក បានស្បថ​ឡើងកាន់តំណែង​ជាផ្លូវការ​ កាលពីខែមករា​ដើមឆ្នាំ២០១៧នេះ។ ជាមួយ​គ្នានេះដែរ​ថ្លែងនៅមុន​កិច្ចប្រជុំ G20 រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Rex Tillerson បានបង្ហាញក្តី​សង្ឃឹម​របស់លោក​ថា ប្រធានា​ធិបតី ដូណាល់ ត្រាំ និង​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈគ្នា​ ប្រកបដោយភាព​ល្អប្រសើរមួយ ស្តីពីការយល់​​ឃើញរបស់​មេដឹកនាំទាំងពីរ ជុំវិញទំនាក់ទំនង​អាមេរិក-រុស្ស៊ី។ រីឯវិមាន​ក្រឹមឡាំងក៏បានលើកឡើង​ដែរថា «វានឹងជាឱកាស​ដ៏ប្រសើរមួយ ក្នុងការស្វែងយល់​ចិត្តថ្លើមគ្នា»។

គួរបញ្ជាក់ថា នៅក្នុងជំនួបនេះ​ត្រូវគេរាយការណ៍ថា នឹងមានរយៈពេល​៣០នាទី ហើយ លោក Rex Tillerson និងរដ្ឋមន្រ្តីការ​បរ​ទេស​​រុស្ស៊ី លោក Sergey Lavrov ក៏ត្រូវគេរំពឹងថា នឹងមានវត្តមាន​នៅក្នុងបន្ទប់​ពិភាក្សាជាមួយ លោក ត្រាំ និងលោក ពូទីន ផងដែរ៕