(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅព្រហស្បតិ៍សប្តាហ៍នេះ ដោយធ្វើការវាយប្រហារ និងថ្កោលទោសចំពោះប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនៅតែបន្តធ្វើសមយុទ្ធយោធា-មីស៊ីល បន្ទាប់ពីកូរ៉េខាងជើងទើបតែ​បាញ់សាកល្បង​ដោយជោគជ័យ នូវគ្រាប់មីស៊ីល​អន្តរទ្វីប ICBM ហើយទីក្រុង​ព្យុងយ៉ាង​ក៏បានអួតអាងខ្លាំង​លើសមុនទៀតថា «ការបំផ្លាញ​កូរ៉េខាងត្បូង វាមិនខុសអ្វីនឹង​ការបំផ្លាញនំមួយដុំ​» នោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

កាលពីដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវ​គ្រាប់មីស៊ីល Hwasing-14 ICBM ដែលមានសមត្ថភាពផ្លោងចំបេះដូង នៃសហរដ្ឋអាមេរិក ជាមួយនឹងការ​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ការអួតអាងបែបនេះ ក៏បានទទួលនូវការឆ្លើយតបវិញដែរ ពីសំណាក់បណ្តាញ​សង្គម Twitter របស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ដោយបានបង្ហោះសារថា ការអភិវឌ្ឍមីស៊ីល ដូចដែលកូរ៉េខាងជើង​បានអះអាងនោះ «គឺជារឿងដែល​មិនអាចកើតឡើង»

គួរបញ្ជាក់ថា កូរ៉េខាងជើងនៅថ្ងៃពុធសប្តាហ៍នេះ​បានអះអាងថា មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលខ្លួនបាន​បាញ់សាកល្បង គឺមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងថែមទំាងបានចំអកដែរថា ជោគជ័យនៃ​ការធ្វើតេស្ដនេះ គឺជាកាដូកែអផ្សុកផ្ញើជូនទីក្រុងវ៉ាស៊ីនតោន នាឱកាសបុណ្យឯករាជ្យជាតិអាមេរិក កាលពីថ្ងៃទី០៤ ខែកក្កដា។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដ នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹកថ្ងៃអង្គារ​សប្តាហ៍នេះចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣គីឡូម៉ែត្រ ព្រមទាំងអាចហោះ​បាន​រយៈកម្ពស់​ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន៕