(សេអ៊ូល)៖ ក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកលំដាប់លេខ១លើពិភពលោក Samsung បាន​បង្ហាញពីផលចំណេញដ៏ខ្ពស់បំផុតក្នុងកំណត់ត្រាថ្មីមួយរបស់ខ្លួន ប្រចាំត្រីមាសទីពីរនៃឆ្នាំ២០១៧នេះ ដែលជាផលចំណេញលើសពីរយៈពេលដូចគ្នា​កាលពីឆ្នាំមុន រហូតដល់ទៅជិតពីរដងឯណោះ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ទិន្នន័យជាបឋមដែលត្រូវបានបង្ហាញគឺ ផលចំណេញពីប្រតិបត្តិការលក់របស់ Samsung គឺទទួលបាន ១៤ពាន់ពាន់លានវ៉ុន ស្មើនឹង ១២.១ពាន់លានដុល្លារអាមេរិក ចាប់ពីខែមេសាដល់ខែមិថុនា​កន្លងទៅនេះ ដែលបានកើនឡើង ៧២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ ក្រុមហ៊ុនយក្សនេះ ធ្លាប់ទទួលបាន​ផលចំណេញក្នុង​កំណត់ត្រាខ្ពស់បំផុត កាលពីត្រីមាសទីបីនៃឆ្នាំ២០១៣ ដោយកាលណោះមាន​ចំនួនតែ ១០.១៦ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់ Samsung ក៏បានកើនឡើងដល់ ៦០ពាន់ពាន់លានវ៉ុនផងដែរ គិតត្រឹមត្រីមាស​ទីពីរនៃឆ្នាំ២០១៧នេះ ហើយវាលើសពីរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន ដែល Samsung រកចំណូលបាន ៥០.៩៤ពាន់ពាន់លានវ៉ុន។ ក្រុមហ៊ុន Samsung បាន និងកំពុងទទួលជោគជ័យ​ធំធេង​បន្ទាប់ពីការចេញ​លក់ Galaxy S8 និង S8+ ដែលប្រកបដោយបច្ចេកវិទ្យាទំនើបដាច់គេ និងទទួលបានការបញ្ជាទិញពីអតិថិជនយ៉ាង​ច្រើនលើសការរំពឹងទុកទៅទៀត នៅទូទាំងពិភពលោក៕