(អាល្លឺម៉ង់)៖ ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នាដង្ហែតាមដងផ្លូវ​ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុង Hamburg  ប្រទេសអាល្លឺម៉ង់ មុននឹងកិច្ចប្រជុំ G20 ​ឈានចូលមកដល់នៅថ្ងៃសុក្រនេះ។ នៅក្នុង​ក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករ​ដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមក​កាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជា​អំពើហិង្សា​ផងដែរ​ ដោយបណ្ដាលឱ្យប៉ូលិស ៧៦នាក់រងរបួស។ នេះ​បើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Independent នៅព្រឹថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ការប៉ះទង្គិចគ្នា​រវាងប៉ូលិស​អាល្លឺម៉ង់ និងក្រុមបាតុករ​ប្រឆាំងនឹង​កិច្ចប្រជុំ G20 បានផ្ទុះឡើង​កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​ក្រុមបាតុករ​មួយចំនួននំា​គ្នាចោលដុំថ្ម និងដប​ទៅលើ​ប៉ូលិស ជាហេតុបង្ខំ​ឱ្យប៉ូលិស​សម្រេចចិត្ត​ប្រើប្រាស់​ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុង​បាញ់ទឹក​បំបែកក្រុមបាតុករ​ទាំងនេះ​។ មិនតែប៉ុណ្ណោះ​នៅក្នុងអំពើ​ហិង្សានេះ បាតុករជាច្រើននាក់​បានរងរបួស និង​អ្នកខ្លះទៀត​ត្រូវបានប៉ូលិស​ចាប់ខ្លួន ខណៈប៉ូលិសបាន​ប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ អាច​នឹងចូលរួមជាថ្មី​នៅក្នុងបាតុកម្ម​តវ៉ាប្រឆាំង G20 នៅអំឡុង​កិច្ចប្រជុំ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍​ស្អែកនេះ។

គួរបញ្ជាក់ថា ​អាជ្ញាធរអាល្លឺម៉ង់​បានដាក់ពង្រាយ​ប៉ូលិស ២០,០០០នាក់ នៅតាមទីក្រុង​កំពង់ផែធំៗ និងទីក្រុង Hamburg ដើម្បីទប់ស្កាត់សកម្មភាព​វាយប្រហារភេរវកម្ម ស្របពេលចរន្ត​ប្រឆាំងនឹង G20 កំពុងមាន​ការកើនឡើង៕