(អាល្លឺម៉ង់)៖ ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទីក្រុង Hamburg នៃប្រទេស​អាល្លឺម៉ង់ ជាទីដែល​បណ្តា​មេដឹកនាំពិភពលោក​កំពុងជួបជុំគ្នា ដើម្បីចូលរួមកិច្ចប្រជុំ​កំពូល G20 ហើយ​វាក៏ជាទីកន្លែងដែលលោក ត្រាំ នឹង​ត្រូវ​ជួបពិភាក្សា​ទល់​មុខ​គ្នា​ជាលើកដំបូងបំផុត ជាមួយប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន Washington Post នៅព្រឹក​ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

នៅមុនពេល​មកដល់​អាល្លឺម៉ង់ ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលវេលា​កន្លះថ្ងៃ ដើម្បីបំពេញ​ទស្សនកិច្ច​​នៅឯប្រទេស​ប៉ូឡូញ និងបានថ្លែង​សុន្ទរកថា ក៏ដូចជាធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ ជាមួយប្រធានាធិបតី​ប៉ូឡូញថែម​ទៀត​ផង។ ដោយឡែក​បន្ទាប់ពី​បានមកដល់​ទីក្រុង Hamburg លោក ត្រាំ ក៏បានជួប​អធិការ​បតីអាល្លឺម៉ង់​លោកស្រី Angela Merkel ផងដែរ ហើយក្រៅពីនេះ​លោក បានចូលរួមពិធី​ពិសាភោជនីយ៍​អាហារស្តីពី​បញ្ហាសន្តិសុខ​អាស៊ីអាគ្នេយ៍ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង​ លោក មូន ជែអ៊ីន និងនាយករដ្ឋ​មន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ នៅមុនកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្ត​ទៅនា​ថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា អ្វីដែលមនុស្សភាគច្រើន​ទន្ទឹងរង់ចាំខ្លាំង​បំផុតក្នុងអំឡុង​កិច្ចប្រជុំ G20 នោះ គឺជាការជួបគ្នាជា​លើកទីមួយរវាង លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន គិតចាប់តាំងតែពី​លោកប្រធានាធិបតីអាមេរិក បានស្បថឡើងកាន់តំណែង​ជាផ្លូវការកាលពី​ដើមឆ្នាំ២០១៧​នេះមក៕