(ប៉ារីស)៖ សភាបារាំង នៅថ្ងៃព្រហស្បត្តិ៍នេះ បានបោះឆ្នោតដើម្បីពង្រីកការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ដោយនេះ គឺជាវិធានការដំបូងដែលត្រូវបានដាក់ បន្ទាប់ពីក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងខ្មាន់កាំភ្លើង របស់ក្រុមឧទ្ទាមរដ្ឋឥស្លាម បានសម្លាប់មនុស្ស១៣០នាក់ នៅក្នុងការវាយប្រហារជាច្រើនកន្លែង នាទីក្រុង Paris កាលពីចុងឆ្នាំ២០១៥។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្រុមសមាជិកសភាទាំងអស់ បានគាំទ្រដល់ការពង្រីកបន្ថែមនេះ លើកលែងតែក្រុមសមាជិកសភា មកពីគណបក្សឆ្វេងនិយម France Unbowed  របស់លោក Jean-Luc Melenchon និងសមាជិកសភាមកពីគណបក្ស Communist ដែលពួកគេបានចាត់ទុក ច្បាប់អាសន្ននេះមានគ្រោះថ្នាក់ ដល់សេរីភាពរបស់ពលរដ្ឋ។

បារាំង ដែលមានកងកម្លាំងជាផ្នែកមួយរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានរងការវាយប្រហារឥតឈប់ឈរ ដោយក្រុមឧទ្ទាមរដ្ឋឥស្លាម ចាប់តាំងពីដើមឆ្នាំ២០១៥៕