(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ ដែលក្រោយមកត្រូវបានទីភ្នាក់ងារ USGS របស់អាមេរិក​គណនា​ថា ៦.៥រ៉ិចទ័រនោះ បានបង្កឲ្យញ័ររញ្ជួយលំនៅឋាន និងអគារនានាក្នុងក្រុងតូចមួយនៃខេត្ត Leyte ភាគកណ្តាល​ឈាងខាងត្បូងប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែគេនៅមិនទាន់ទទួលបានសេចក្តីរាយការណ៍ ពីចំនួនមនុស្សរងគ្រោះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដី​​កម្រិតធ្ងន់ ៦.៩រ៉ិចទ័រដ៏កក្រើក វាយប្រហារប្រហារ​ចំតំបន់មួយ ដែលស្ថិតនៅ​ចម្ងាយប្រមាណ ០៦គីឡូ​ម៉ែត្រពីទីក្រុង Pastrana នៅលើខេត្តដីកោះ Leyte នៃប្រទេសភាគកណ្តាល​ហ្វីលីពីន​។

ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះមានជម្រៅ ៤០គីឡូម៉ែត្រ។ អំឡុងគ្រោះរញ្ជួយដីនេះ ប្រជាជនជាច្រើន​បានចាកចេញពីលំនៅឋាន និងអគារនានាមកឈរ​នៅទីវាលដើម្បីសុវត្ថិភាព៕