(វ៉ាស៊ីនតោន)៖ បន្ទាប់ពីកូរ៉េខាងជើងប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យជា​លើកដំបូងកាលពី​ថ្ងៃអង្គារ វាបានបង្កឱ្យមាន​សំណួរជាច្រើនចោទថា តើសហរដ្ឋអាមេរិក​មានសមត្ថភាព​ការពារខ្លួនឯង និងសម្ព័ន្ធមិត្ត​ពីគ្រាប់មីស៊ីល ICBM របស់កូរ៉េខាង​ជើងដែរ ឬទេ ខណៈក្រុមអ្នក​ជំនាញខ្លះយល់​ថា មីស៊ីលដែលទីក្រុង​ព្យុងយ៉ាង​ផលិត អាចនឹងមានលទ្ធភាពបាញ់ដល់រដ្ឋ Alaska ក្នុងអនាគតដ៏ខ្លីខាងមុខ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ជុំវិញបញ្ហា​នេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួង​ការពារជាតិអាមេរិក លោក Jeff Davis បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន​មានទំនុកចិត្តថា អាចការ​ពារ​រាល់ការគំរាមកំហែង​ទាំងអស់ ហើយលោក​លើកឡើងបែបនេះ ដោយសារតែ​ផ្អែកលើជោគជ័យ​នៃការធ្វើតេស្ដប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីល IC​BM កាលពី​ខែឧសភា​កន្លងទៅ តែទន្ទឹមគ្នា​អ្នកនាំពាក្យរូបនេះ​ទទួលស្គាល់ថា ការធ្វើតេស្ដនេះ​មិនមែនល្អឥតខ្ចោះ​ទាំងស្រុង​នោះទេ។ ដោយឡែក​សូម្បីតែ អ្នកជំនាញមួយចំនួន​ដូចជា លោក Riki Ellison ក៏បានលើក​ឡើង​ដែរថា សហរដ្ឋអាមេរិក មិនប្រាកដថា អាចប្រឈមមុខ​នឹងមីស៊ីល​កូរ៉េខាងជើង​បាន ១០០ភាគរយឡើយ ត្បិតប្រព័ន្ធការពារ​មីស៊ីលអាមេរិក​បច្ចុប្បន្ន អាចបាញ់​ទម្លាក់ ឬស្ទាក់ចាប់​មីស៊ីលមួយគ្រាប់ ឬក្នុងចំនួន​តិចតួចតែ​ប៉ុណ្ណោះ។ ដូច្នេះបើសិនជា​ទីក្រុងព្យុងយ៉ាង អាចផលិត​បានដោយជោគជ័យ​នូវមីស៊ីល ICBM ​មែន ឬក៏ធ្វើការវាយប្រហារ​ជាយហេតុ​ណាមួយ ក្នុងចំនួនមីស៊ីលដ៏ច្រើន ព្រមពេល​ជាមួយគ្នា នោះប្រព័ន្ធ​ខែលការពារ​មីស៊ីលអាមេរិក អាចនឹងជួបផល​លំបាកធំមិនខាន។

គួរបញ្ជាក់ថា គិតចាប់តាំងពី​ឆ្នាំ២០០៦ សហរដ្ឋអាមេរិក​បានបាញ់សាកល្បង​ប្រកបដោយជោគជ័យ​ក្នុងអាត្រា ១០០ភាគរយនូវប្រព័ន្ធ​ការពារមីស៊ីល THAAD ចំនួន ១៣លើក ហើយបើគិត​ចាប់តាំងពី​ឆ្នាំ១៩៨០ គឺនៅជំនាន់​អតីតប្រធានាធិបតី​អាមេរិក លោក Ronald Reagan ទីក្រុងវ៉ាស៊ីនតោន​បានចំណាយ​លុយច្រើនជាង ២០០ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីល៕