(បរទេស)៖ យាន​អវកាស Juno របស់​អង្គការ NASA គិតមកទល់​វេលានេះ បំពេញប្រតិបត្តិការ​នៅជុំវិញ​ភពព្រហស្បតិ៍ (Jupiter) បានរយៈពេល​គ្រប់មួយឆ្នាំ និងប៉ុន្មានថ្ងៃហើយ ដោយវាបាន​ទៅដល់ភពដ៏ធំជាងគេ​ប្រចាំប្រព័ន្ធអាទិត្យនេះ កាលពីថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ២០១៦ (ពេលវេលា​នៅអាមេរិក) បន្ទាប់ពីបាន​ចំណាយពេល​ធ្វើដំណើរ​ផ្សងព្រេង​ អស់ពេលដល់ទៅ​០៥ឆ្នាំឆ្លងកាត់​លំហអាកាស​។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ចាប់តាំងពីការ​ទៅដល់របស់ Juno យានអវកាសនេះ បាននិង​កំពុងអង្កេត​យ៉ាងដិតដល់​ទៅលើភពឧស្ម័នយក្សនេះ ដើម្បីប្រមូល​យក​​ទិន្ន​ន័យសំខាន់ និងពោរពេញ​ដោយសារៈប្រយោជន៍​ជាច្រើន ដែលនឹងជួយ​ដល់ក្រុមអ្នកវិទ្យាសាស្រ្ត​ ក្នុងការស្វែងយល់​ឲ្យកាន់តែ​ច្បាស់អំពីទម្រង់ និងការវិឌ្ឍន៍របស់​ភពព្រហស្បតិ៍។

ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា «រាល់ដំណើរ​គោចររបស់ Juno ជុំវិញគន្លង​តារាវិថីរបស់ Jupiter មួយលើកៗ បាននាំយក​ពួក​យើងកាន់តែកៀក​ទៅនឹងខ្សែក្រវាត់​វិទ្យុសកម្មរបស់ភពដ៏ធំមហិមានេះ ក៏ប៉ុន្តែគិតមក​ទល់ពេលនេះ យានអវកាស Juno បានបង្ហាញសមត្ថភាព​គ្រាន់បើជាងអ្វី​ដែលយើងបានរំពឹងទុក​ទៅទៀត ក្នុងការអត់ធន់​ជាមួយនឹងព្យុះ​អេឡិចត្រុង ដែលស្ថិតនៅ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ភពព្រហស្បតិ៍»

ការធ្វើដំណើរមួយ​ជុំភពព្រហស្បតិ៍របស់យាន Juno គឺមានរយៈពេល ៥៣ថ្ងៃកន្លះនៅលើផែនដី ក្នុងទម្រង់ជារាងពង​ក្រពើស្តួចខ្លាំង ហើយប្រការហេតុនេះ​បានធ្វើឲ្យ Juno ស្ថិតក្នុងចម្ងាយ ៣,៤០០គីឡូម៉ែត្រពី Jupiter នៅពេលដែលវា​នៅជិតបំផុត (Perijove) និង​ឆ្ងាយបំផុត​គឺរហូតដល់ទៅ ៨លានគីឡូម៉ែត្រ។ បើតាមទីភ្នាក់ងារ​អវកាស ការប្រមូលទិន្នន័យ​ភាគច្រើនរបស់ Juno ត្រូវបានធ្វើ​ឡើង​​អំឡុងពេល​នៃការហោះ​ឆ្វែលទៅកៀក (Perijove) នឹង​ភពព្រហស្បតិ៍ ហើយវាបាន​ធ្វើបែបនេះចំនួន ០៥លើកហើយ ដោយគិតជា​​ចម្ងាយសរុប​របស់វាគឺ ១១៤.៥លានគីឡូម៉ែត្រ។

យ៉ាងណាមិញ ការហោះកៀក​លើកទី ០៦គឺសំខាន់បំផុត ហើយវាត្រូវគេរំពឹងថា គឺជាការធ្វើដំណើរ​ដ៏រំភើបអស្ចារ្យមួយ។ នៅថ្ងៃទី​១០ ខែកក្កដា យានអវកាស Juno នឹងធ្វើដំណើរទៅជិតចំណុចក្រហមដ៏អាថ៌កំបាំង ដែលត្រូវបានគេស្គាល់ថា «Great Red Spot» របស់ភពព្រហស្បតិ៍ ដើម្បីផ្តល់ឲ្យមនុស្សលោក​យើងនូវ​ការមើលឃើញ​ដ៏សែនកៀកជាលើកដំបូង ចំពោះព្យុះដែលមានមុខកាត់ប្រវែង​ ១៦,០០០គីឡូម៉ែត្រដ៏ល្បីល្បាញ និងធំជាងផែនដីទៅទៀតនេះ។ ជាងនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការឃ្លាំងមើលព្យុះ Great Red Spot ដ៏ធំមហិកមានេះពីចម្ងាយដោយចម្ងល់អស់រយៈពេលយ៉ាងហោចណាស់ជិត២០០ឆ្នាំមកហើយ។

ក្នុងដំណើរ​នេះ NASA បានឲ្យដឹងថា «Juno នឹងឧបករណ៍​វិទ្យាសាស្រ្តទំនើបៗ​ដែលបំពាក់នៅលើវា នឹងហោះមុជទៅ​កាន់​កៀក​នឹង Jupiter ដើម្បីតាមដាន​មើលថា តើព្យុះមហិមានេះ មានជម្រៅ​ជ្រៅយ៉ាងណា ហើយវានឹង​​ជួយដល់ពួកយើង ក្នុងការស្វែងយល់​កាន់​តែ​ច្បាស់​​អំពី Great Red Spot និងអ្វីដែលធ្វើ​ឲ្យវាមានលក្ខណៈ​ពិសេសបែបនេះ»

បេសកកម្ម Juno ដែលមានតម្លៃ១.១ពាន់លានដុល្លារ ត្រូវបានបង្ហោះឡើងទៅកាន់​ទីអវកាសកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយក្នុងអំឡុងការបំពេញបេសកកម្មរយៈពេលមួយឆ្នាំមកនេះ វាក៏បានប្រទះឃើញព្យុះខ្នាតតូច ដ៏គួរឲ្យភ្ញាក់មើលមួយចំនួនផ្សេង​ទៀត ដែលមើលទៅហាក់ដូចជាគុជពណ៌ស នៅក្បែរអឌ្ឍគោលទាំងសងខាងរបស់ភពព្រហស្បតិ៍ផងដែរ។ ដោយឡែកបេសកកម្ម​នេះ ត្រូវបាន NASA គ្រោងថានឹងបន្តដំណើរការយ៉ាងហោចណាស់ក៏ដល់ខែកុម្ភៈ ឆ្នាំ២០១៨ដែរ។

គួរបញ្ជាក់ថា ការធ្វើដំណើរទៅដល់ភពព្រហស្បតិ៍របស់យាន Juno គឺមិនមែនជាគម្រប់ខួបតែមួយគត់ ដែលអង្គការ NASA បាន​អប​អរកាលពីថ្ងៃទី០៤ ខែកក្កដាសប្តាហ៍នេះនោះឡើយ។ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៥ ឧបករណ៍ស្រាវជ្រាវ Impactor មួយ ដែល​ត្រូវបានបញ្ចេញដោយយានអវកាស Deep Impact ក៏បានទៅដល់លើផ្កាយដុះកន្ទុយ Comet Tempel 1 ផងដែរ ហើយក្រៅ​ពី​នេះ នាថ្ងៃនិងខែដដែល កាលពីឆ្នាំ១៩៩៧ យានរ៉ូវើ (Rover) របស់បេសកកម្ម Pathfinder ក៏បានជាន់លើផ្ទៃនៃភពអង្គារ (Mars) ថែមទៀតផង៕