(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Rex Tillerson បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានា​ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈរវាងគ្នា​ទៅវិញទៅមក ប្រកបដោយបរិយាកាសល្អ​ប្រសើរតាម​ការ​រំពឹង​ទុក ពាក់ព័ន្ធការយល់ឃើញ​របស់មេដឹកនាំ​ទាំងពីររូប ជុំវិញទំនាក់​ទំនងរវាង​សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ​ G20 នាប្រទេស​អាល្លឺម៉ង់ក្នុងអំឡុងចុងសប្តាហ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នកសារព័ត៌មាន​នៅលើជើងហោះ​ហើរ​ទៅកាន់ទីក្រុង Hamburg នៃប្រទេស​អាល្លឺម៉ង់​សម្រាប់កិច្ច​ប្រជុំ G20 លោក Tillerson បានលើកឡើងថា «ពួកយើង​កំពុងស្ថិត​នៅដំណាក់​កាលដំបូង​នៅឡើយទេ ហើយរូបខ្ញុំ​បានត្រឹម​និយាយថា ចំណុចទាំងនេះ​​វាពិតជាពិបាក​បញ្ជាក់ឲ្យច្បាស់ណាស់ថា តើភាគីរុស្ស៊ី​មានចេតនា​បែបណាខ្លះ នៅក្នុង​ទំនាក់ទំនង​នេះ ហើយខ្ញុំយល់ថា ផ្នែកដែល​​សំខាន់ជាងគេ​ក្នុងជំនួបលើកដំបូង​ខាងមុខនេះ គឺធ្វើយ៉ាងណា​ឲ្យមានការ​ដោះដូរ​ទស្សនៈគ្នា​ដ៏ល្អប្រសើរមួយ រវាងប្រធានាធិប​តី ត្រាំ និងប្រធានាធិបតី ពូទីន ជុំវិញអ្វីដែល​មេដឹកនាំ​ទាំងពីរ យល់ឃើញ​ចំពោះវត្ថុបំណង​នៃទំនាក់ទំនងនេះ រវាងប្រទេស​យើង​ទាំង​ពីរ»

គួរបញ្ជាក់ថា ជំនួបពិភាក្សា​លើកទីមួយរវាង លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ត្រូវបានគ្រោងនឹង​ប្រព្រឹត្តទៅនា​ថ្ងៃទី០៧ ខែកក្កដា​សប្តាហ៍នេះ ក្នុងអំឡុង​កិច្ចពិភាក្សាក្រៅ​ផ្លូវការនៃកិច្ចប្រជុំកំពូល G20 នៅ​ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់៕