(ប៉ូឡូញ)៖ ក្រសួងការពារជាតិ​ប៉ូឡូញ និងក្រសួងការពារជាតិ​អាមេរិក បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ លក់ប្រព័ន្ធខែល​ការពារ​មីស៊ីល US Patriot ទៅឱ្យប្រទេស​ប៉ូឡូញ ដែលជាអ្នកជិតខាង​ជាប់របងជា​មួយរុស្ស៊ី ខណៈបណ្ដា​ប្រទេសអឺរ៉ុប​ខាងកើត ផ្សេងទៀត​កំពុងព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញការពង្រីក​ឥទ្ធិពលរុស្ស៊ី​នៅក្នុង​តំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន  Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ការចុះហត្ថលេខា​រវាងភាគីទំាងពីរ ធ្វើឡើងនា​ឱកាសប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរ​ទស្សនកិច្ច​មកកាន់ប្រទេសប៉ូឡូញ មុននឹងត្រូវ​ចូលរួមកិច្ចប្រជុំ G20 នៅឯទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់​នៅថ្ងៃសុក្រ​ស្អែកនេះ។ ដោយឡែក បើតាមរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប៉ូឡូញ លោក Antoni Macierewicz ប៉ូឡូញនឹង​ទទួលបានប្រព័ន្ធ​មីស៊ីលអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០ ហើយអាច​នឹងត្រូវដាក់​ឱ្យដំណើរការនៅ​ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការបង្ហាញពី​បំណងទិញប្រព័ន្ធ​មីស៊ីលពីសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាល​ប៉ូឡូញ ប្រកាសកាលពី​ខែមីនាកន្លងទៅ និងត្រូវបាន​គេរំពឹងថា អាចនឹងចំណាយប្រាក់ដល់ទៅ ៧.៥ពាន់លានដុល្លារ ទិញប្រព័ន្ធ​មីស៊ីលទាំងនេះ ដែលមានសមត្ថភាព​កម្ទេចមីស៊ីលផ្លោង, មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្ដហោះចម្បាំងជាដើម។ ក៏ប៉ុន្តែសម្រាប់ការចុះកិច្ចព្រមព្រៀងលើ ប្រព័ន្ធមីស៊ីលអាមេរិក​ អាចនឹងធ្វើ​ឱ្យស្ថានភាព​នៅអឺរ៉ុបខាងកើត ជាពិសេស​បណ្ដាប្រទេស​ជាប់របង​ជាមួយរុស្ស៊ី ដូចជាប៉ូឡូញ កាន់តែ​តានតឹង​ឡើង ត្បិតរុស្ស៊ីមុខជា​នឹងពង្រីកឥទ្ធិពល​របស់ខ្លួន ក៏ដូចជា​ដាក់ពង្រាយ​មីស៊ីលបន្ថែម​ នៅតំបន់ព្រំដែន​របស់ខ្លួន ឆ្លើយតប​ទៅនឹងការបង្កើន​សមត្ថភាពយោធា​របស់ប្រទេសអឺរ៉ុប​ខាងកើត ក្រោមការ​ជួយជ្រោមជ្រែង​ពីអង្គការណាតូ៕