(វ៉ាស៊ីនតោន)៖ លោក Christopher Wray ជាបេក្ខភាពដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើស ដើម្បីកាន់​តំណែងជានាយកថ្មីរបស់ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI នោះ នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌​ នៃ​ព្រឹទ្ធសភាអាមេរិក​នាថ្ងៃទី១២ ខែកក្កដា​សប្តាហ៍​ក្រោយនេះ។ នេះបើតាម​សេចក្តីប្រកាស​ជូនដំណឹង​របស់ គណៈកម្មាធិការ​ព្រឹទ្ធសភាអាមេរិកនាថ្ងៃពុធ​​សប្តាហ៍នេះ ដកស្រង់ដោយសារព័ត៌មាន USA TODAY នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ប្រកាស​ខាងលើ ការសម្រេច​ទទួលស្គាល់ ឬមិនទទួលស្គាល់ ចំពោះការជ្រើសតាំងលោក Christopher Wray នឹងត្រូវប្រព្រឹត្ត​ទៅនាវេលាម៉ោង ១០៖០០នាទី នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ (ពេលវេលា​នៅរដ្ឋធានី​វ៉ាស៊ីនតោន) ក្នុង​អគារ​ការិយាល័យ Dirksen Senate Office Building តាមការបង្គាប់​របស់ ប្រធានគណៈកម្មាធិការ​យុត្តិធម៌នៃព្រឹទ្ធសភា។ បើ​សិនជា​ត្រូវគណៈកម្មធិការ​អនុម័តទទួលស្គាល់ នោះលោក Wray នឹងចូលកាន់តំណែង​ដែលនៅសល់ទំនេរ​នេះ​បន្តពី​ លោក James Comey។

គួរបញ្ជាក់ថា លោក Wray ត្រូវបានជ្រើសរើស​ដោយលោក ដូណាល់ ត្រាំ កាលពីខែមិថុនា​កន្លងទៅ បន្ទាប់ពីអតីតមេ FBI ចាស់ លោក James Comey ត្រូវបានបញ្ឈប់ពីតំណែង​យ៉ាងតក់ក្រហល់​ដោយ លោក ត្រាំ ផ្ទាល់។ លោក Christopher Wray ដែលជា​អតីតរដ្ឋ​អាជ្ញាមួយរូបនោះ ក៏ធ្លាប់បម្រើការងារ​​នៅក្នុងរដ្ឋបាល​អតីតប្រធានាធិបតី​អាមេរិក លោក George W. Bush ផងដែរ ដោយ​ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ លោក Wray មានតួនាទី​ជាប្រធានផ្នែក​ព្រហ្មទណ្ឌ នៃក្រសួង​យុត្តិធម៌​អាមេរិក៕