(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នឹងជួបជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីធ្វើការជជែក​ពិភាក្សា​មួយទល់នឹងមួយ នៅពេលដែលលោកស្រី​ធ្វើដំណើរទៅចូលរួម​កិច្ចប្រជុំកំពូល G20 នៅឯទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់​​នាចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពី​មន្រ្តីរដ្ឋាភិបាល​អង់គ្លេស ដកស្រង់​ដោយសារព័ត៌មាន Independent នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ខាងលើ លោកស្រី​នាយករដ្ឋមន្រ្តីអង់គ្លេស និងលោក​ប្រធានាធីបតីអាមេរិក ត្រូវគេរំពឹងថា នឹងប្រើប្រាស់កិច្ច​ជួប​ពិភាក្សាទ្វេភាគីនេះ ដើម្បីជជែកអំពី​ស្ថានការណ៍ដ៏ក្តៅគគុក​នៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេស​កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ចំនួនមួយគ្រាប់ដោយ​ជោគជ័យនាសប្តាហ៍នេះ។ ម៉្យាងវិញទៀត លោកស្រី May ក៏នឹងលើកយក​បញ្ហានៃកិច្ចព្រមព្រៀង​​អាកាសធាតុទីក្រុង​ប៉ារីស មកពិភាក្សាជាមួយលោក ត្រាំ ផងដែរ ដែលបានជឿជាក់ថា កិច្ចព្រមព្រៀង​អន្តរជាតិ​ដ៏សំខាន់នេះ គួរតែធ្វើការចរ​ចា​ជាថ្មី ដើម្បីធ្វើឲ្យ​មានផ្តល់សារៈប្រយោជន៍​ខ្លាំងជាងមុន​ ដល់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បានទទួល​យកការអញ្ជើញ​ពីសំណាក់​លោកស្រីនាយករដ្ឋមន្រ្តី​អង់គ្លេសផងដែរ ដើម្បីធ្វើដំណើរ​ទស្សនកិច្ច​មកកាន់​ចក្រភពអង់គ្លេស តែព័ត៌មានលម្អិត​ដូចជាកាលរិច្ឆេទ​នៃដំណើរទស្សនកិច្ចនេះ​ជាដើមនោះ នៅមិនទាន់​ត្រូវ​បានបញ្ជាក់ច្បាស់​នៅឡើយទេ៕