(ញូយ៉ក)៖ សហរដ្ឋអាមេរិក នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើងនៅក្នុងករណីចាំបាច់ ដែលនេះបើតាមការលើកឡើងរបស់​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ​នាថ្ងៃពុធសប្តាហ៍នេះ ហើយលោកស្រី Nikki Haley ថែមបានទាំង​ព្រមានទៀតថា សកម្ម​ភាពបង្កហេតុរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ជាពិសេសការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM នាពេលថ្មីៗនេះ កំពុងតែរារាំង​ឱកាសនៃការស្វែងរកដំណោះស្រាយ​ការទូតលើបញ្ហានេះហើយ។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង​ យុនហ៉ាប់ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN លោកស្រី Haley បានថ្លែងថា «កុំភ័ន្តច្រឡំឲ្យសោះ ការបាញ់សាកល្បងមីស៊ីលផ្លោង ICBM របស់កូរ៉េខាងជើង គឺជាការដុតរោលភាពតានតឹងផ្នែកយោធាដ៏ច្បាស់ និងប្រថុយប្រថានជាទីបំផុត។ ម៉្យាងវិញទៀត រដ្ឋកុម្មុយនិស្តមួយ​នេះ បានអួតអាងទាំងបើកចំហចំៗថា មីស៊ីលរបស់ពួកគេ​ត្រូវបានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណង​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បី​វាយ​​ប្រហារ​លើបណ្តាទីក្រុងនានា ក្នុងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយឥឡូវនេះទីក្រុងព្យុងយ៉ាង​មានសមត្ថភាព និង​លទ្ធ​ភាព​ជាង​​មុន​ក្នុងការធ្វើយ៉ាងដូច្នោះហើយ»

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា «សកម្មភាពរបស់ពួកគេ កំពុងបង្កជាការារាំងយ៉ាងខ្លាំងដល់លទ្ធភាពនៃការស្វែងរក​ដំណោះស្រាយ​ការ​ទូត។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បី ប្រើប្រាស់សមត្ថភាពគ្រប់បែបយ៉ាងដែលយើងមាន ដើម្បីការ​ពារខ្លួនយើងផ្ទាល់ក៏ដូចជាសម្ព័ន្ធមិត្តនានា ហើយសមត្ថភាពមួយក្នុងចំណោមនោះគឺកម្លាំងយោធារបស់យើង ដោយយើងនឹងជ្រើសរើស​ជម្រើសនេះប្រសិនបើមិនអាចជៀសវាងបាន ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងឈានទៅរកទិសដៅនោះឡើយ»

លោកស្រី Haley បញ្ជាក់បន្ថែមទៀត សហរដ្ឋអាមេរិក នឹងដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ឲ្យមានការរៀបចំទណ្ឌកម្មថ្មី ប្រឆាំង​ទៅ​នឹងប្រទេសកូរ៉េខាងជើង៕