(ញ៉ូវដេលី និងប៉េកាំង)៖ ភាពរឆេចរឆូចនៃបន្ទាត់ព្រំដែនរវាងចិន និងឥណ្ឌា បានបង្កឱ្យមានភាពស្មុគស្មាញ ព្រមទាំងការវិវាទគ្នារវាងរដ្ឋាភិបាលក្រុង ប៉េកាំង និងក្រុង ញ៉ូវដេលីតាំងពីសម័យប្រវត្តិសាស្ត្ររហូតមកទល់បច្ចុប្បន្ន។ ប្រទេសចិន និងឥណ្ឌា បានប្រជែងគ្នា ដណ្តើមតំបន់ជាច្រើន ប៉ុន្តែក្នុងនោះមានទីតាំងបីកន្លែងសំខាន់ ដែលភាគីទាំងពីរបានប្រជែងគ្នាគឺ តំបន់ Aksia Chin ខ្សែបន្ទាត់ McMahon និងតំបន់ Sikkim។

ខាងក្រោមនេះជាការរំលឹកឡើងវិញ ពីប្រវត្តិនៃម្លោះតំបន់សំខាន់ទាំងបីខាងលើ៖

* តំបន់ Aksia Chin
ជាតំបន់ជម្លោះស្ថិតនៅចន្លោះព្រំដែនរវាង ចិន និងឥណ្ឌា។ បច្ចុប្បន្នត្រូវបានស្ថិតក្រោមការគ្រប់របស់ចិន ដោយលាតសន្ធឹងលើភាគនារតី ខេត្ត Hotan នៃតំបន់ស្វយ័ត Xinjiang ប្រទេស ចិន។ ប៉ុន្តែវាត្រូវបានប្រទេស ឥណ្ឌា ប្រកាសថា ជាផ្នែកមួយនៃតំបន់ Ladakh នៃរដ្ឋ Jammu និង Kashmir របស់ខ្លួនទៅវិញ។

តំបន់នេះជាតំបន់ទំនាប និងតំបន់ភ្នំ មានកម្ពស់ខ្ពស់បំផុតរហូតដល់៦៩០០ម៉ែត្រ ពីនីវ៉ូសមុទ្រ ជាតំបន់ដ៏ដាច់ស្រយាល ដែលស្ទើរតែគ្មានមនុស្សរស់នៅ ទាល់តែសោះ។ វាបានគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណ៣៧,២៤៤គីឡូម៉ែត្រការ៉េ។ តំបន់ដាច់ស្រយាល Aksia Chin នេះមិនបានផ្តល់អ្វីសារៈសំខាន់ សម្រាប់មនុស្ស ក្រៅពីធ្លាប់ធ្វើជាផ្លូវពាណិជ្ជកម្មពីសម័យបុរាណ ដែលបច្ចុប្បន្នអាចផ្តល់ត្រឹមតែជាកន្លែងសម្រាប់កំសាន្តរបស់ប្រជាពលរដ្ឋ Xinjiang និងទីបេ ក្នុងរដូវក្តៅប៉ុណ្ណោះ។

សន្ធិសញ្ញាដំបូងបំផុត ពាក់ព័ន្ធនឹងចំណុចព្រំដែនភាគខាងលិចនេះ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ១៨៤២។ ព្រះចៅអធិរាជ Sikh នៃតំបន់ Punjab បានកាត់យកតំបន់ Ladakh (ដែនដី Aksia Chin ស្ថិតក្នុងតំបន់ Ladakh នេះ) ចូលក្នុងរដ្ឋ Jammu ដែនដីរបស់ខ្លួនក្នុងឆ្នាំ១៨៣៤។ ក្នុងឆ្នាំ១៨៤១ ពួកគេបានឈ្លានពានតំបន់ទីបេ។ ប៉ុន្តែកងកម្លាំងប្រទេស ចិន បានវាយឈ្នះទៅលើយោធារបស់ស្តេច Sikh និងដណ្តើមបានតំបន់ Ladakh មកវិញ ព្រមទាំងបានឡោមព័ទ្ធតំបន់ Leh ផងដែរ។ ចិន និង ស្តេច Sikhs បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយកាលពីខែកញ្ញា ឆ្នំា១៨៤២ ដែលបានចែងថា ភាគីទាំងពីរត្រូវបញ្ឈប់ការឈ្លានពានបន្ទាត់ព្រំដែនគ្នាទៅវិញទៅមក។

ប៉ុន្តែក្នុងឆ្នាំ១៨៤៦ ចក្រភពអង់គ្លេស វាយគ្រប់គ្រងបានតំបន់នេះ ហើយមន្ត្រីបេសកកម្មអង់គ្លេស មានបំណងចង់ធ្វើកិច្ចពិភាក្សាជាមួយមន្ត្រីចិន លើការកំណត់បន្ទាត់ព្រំដែនរវាងភាគីទាំងពីរ (អង់គ្លេសនិងចិន)។ រដ្ឋាភិបាលក្រុង ឡុងដ៍ និងប៉េកាំងបានសម្តែងភាពមិនពេញចិត្តពេញលេញ ទៅលើបន្ទាត់ព្រំដែនចាស់ ដែលកំណត់ដោយបាតុភូតធម្មជាតិឡើយ ម្យ៉ាងទៀតនោះព្រំដែនកន្លងមកក៏មិនមានការបញ្ជាក់ច្បាស់លាស់ឡើយ។

តាមរយៈកិច្ចព្រមព្រៀងរវាងចិន និងអង់គ្លេស ធ្វើឱ្យភាគីទាំងពីរអាចកំណត់ព្រំដែននៃតំបន់ជាច្រើន លើកលែងតែតំបន់ Aksai Chin ដែលនៅតែមិនដាច់ស្រេច ហើយបន្តជារឿងវិវាទដល់បច្ចុប្បន្ន។ ក្នុងឆ្នាំ១៩៦២ ប្រទេស ចិន និងឥណ្ឌា បានធ្វើសង្គ្រាមវាយប្រហារគ្នារយៈពេលខ្លីដើម្បីដណ្តើមតំបន់ Aksai Chin នេះ និងតំបន់ Arunachal Pradesh ដែលត្រូវបានចាត់ទុកថា ជាតំបន់ជម្លោះដូចគ្នាផងដែរ។ ប៉ុន្តែក្នុងឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៦ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ក្នុងការគោរពទៅតាម Line of Actual Control។

* ខ្សែបន្ទាត់ McMahon:

McMahon Line ជាបន្ទាត់ព្រំដែន ចិន និងឥណ្ឌា រាប់ចាប់ពីដែនដីទីបេរហូតដល់ចុងភាគឥសាន នៃប្រទេស ឥណ្ឌា មានប្រវែង៨៩០គីឡូម៉ែត្រ វាលាតសន្ធឹង ដល់ទន្លេ Brahmaputra និងស្ថិតនៅភាគខាងកើតជួរភ្នំហិម៉ាល័យ។ ឈ្មោះនៃបន្ទាត់នេះត្រូវបានដាក់ទៅតាមលោក Henry MacMahon (រដ្ឋមន្ត្រីការបរទេស អង់គ្លេសក្នុងសម័យអាណានិគម អង់គ្លេសលើប្រទេស ឥណ្ឌា) ដែលជាអ្នកគូសបន្ទាត់នេះ ក្នុងផែនទីភ្ជាប់ជាមួយអនុសញ្ញា Simla ឆ្នាំ១៩១៤។

សូមរំលឹកថា ក្នុងឆ្នាំ១៩១៣ដល់ឆ្នាំ១៩១៤ ដំណាងរបស់ចក្រភពអង់គ្លេស ចិន និងទីបេ ចូលរួមក្នុងសន្និសិទក្នុងតំបន់ Simla ប្រទេស ឥណ្ឌា ដោយសម្រេចបាន នូវកិច្ចព្រមព្រៀងមួយ តែប្រៀបបាននឹងបន្ថែមបង្កក្តីបារម្ភដល់តួនាទី និងបន្ទាត់ព្រំដែនរបស់ទឹកដីទីបេ។

ភាគីទាំងអស់យល់ព្រមទៅលើកិច្ចព្រមព្រៀងនេះ ប៉ុន្តែភ្លាមៗក្រោយមករដ្ឋាភិបាលក្រុង ប៉េកាំងបានស្នើគូសបន្ទាត់ព្រំដែនចិន និងទីបេជាថ្មីព្រមទាំងប្រកាស មិនទទួលស្គាល់កិច្ចព្រមព្រៀង Simla ដោយបដិសេធមិនចុះហត្ថលេខាសម្រេចយល់ព្រមឡើយ។ ហេតុនេះអង់គ្លេស និងទីបេបានចុះហត្ថលេខាលើអនុសញ្ញា Simlaនេះ និង ដោយចាត់ទុកជាកិច្ចព្រមព្រៀងទ្វេភាគីគ្រប់គ្រាន់។ លោក Neville Maxwell របស់អង់គ្លេសបានប្រកាសថា បន្ទាត់ McMahon មិនអាចចុះ ហត្ថលេខាត្រឹមតែទ្វេភាគីបានឡើយប្រសិនបើភាគីចិនបដិសេធនោះ ប៉ុន្តែយ៉ាងនេះក្តីភាគីទាំងពីរនៅតែបង្ខំចិត្តបន្តធ្វើបែបនេះ ដោយគ្មានដំណាងពីភាគីចិនឡើយ ព្រមទាំងរក្សាទុកសេចក្តីប្រកាសនេះជាការសម្ងាត់។

ថ្នាក់ដឹកនាំប្រទេស ឥណ្ឌា លោក V. K.Singh បានអះអាងថា មូលដ្ឋាននៃព្រំដែននេះ ត្រូវបានទទួលស្គាល់ដោយ អង់គ្លេស ឥណ្ឌា និងទីបេ ដែលជាព្រំដែន ប្រវត្តិសាស្ត្ររបស់ឥណ្ឌាតាំងពីយូរយារណាស់មកហើយ។ រដ្ឋាភិបាលឥណ្ឌា ក៏បានលើកឡើងផងដែរថា ភ្នំហិម៉ាល័យ ជាបន្ទាត់ព្រំដែនបុរាណនៃឧបទ្វីបឥណ្ឌា ហេតុនេះ វាក៏សាកសមធ្វើជាព្រំដែនសម័យទំនើបរបស់ឥណ្ឌាក្រោមការគ្រប់គ្រងរបស់អង់គ្លេសផងដែរ។

បន្ទាត់នេះ ត្រូវបានឥណ្ឌាទទួលស្គាល់ថា ជាបន្ទាត់ព្រំដែនជាតិយ៉ាងពិតប្រាកដ ប៉ុន្តែចិន បែរជាបដិសេធដោយលើកឡើងថា ទីបេដែលជាតំណាងហត្ថលេខី លើកិច្ចព្រមព្រៀងនេះ មិនមែនជារដ្ឋមានអធិបតេយ្យភាពពេញលេញឡើយ ហេតុនេះគ្មានសិទ្ធក្នុងការសម្រេចយល់ព្រម ឬមិនគួរចូលរួមក្នុងកិច្ចព្រមព្រៀងនេះឡើយ។ ផ្ទុយទៅវិញ ចិន បានបង្ហាញផែនទីថ្មី ដោយបង្ហាញថា តំបន់នៅភាគខាងត្បូងនៃបន្ទាត់នេះ ដែលមានផ្ទៃដីប្រមាណ៦៥,០០០គីឡូម៉ែត្រការ៉េ និងមានឈ្មោះថាតំបន់ Arunachal Pradesh ជាផ្នែកមួយនៃដែនដីស្វយ័តទីបី។

សូមជម្រាបថា ពាក់ព័ន្ធនឹងដែនដីនេះ នៅមុនឆ្នាំ១៩៥៩ សង្ឃដាឡៃឡាម៉ាទី១៤ មិនបានទទួលស្គាល់បន្ទាត់ McMahon និងអធិបតេយ្យភាពរបស់ ឥណ្ឌាលើដែនដីភាគខាងត្បូងទីបេនេះឡើយ។ ក្នុងឆ្នាំ២០០៣ លោកបានលើកឡើងថា តំបន់ Arunachal Pradesh ពិតជាផ្នែកមួយនៃដែនដីទីបេ។ ប៉ុន្តែក្នុងឆ្នាំ២០០៧ លោកបែរជាលើកឡើងថា ទាំងរដ្ឋាភិបាលទីបេ និងអង់គ្លេស ទទួលស្គាល់បន្ទាត់ព្រំដែន McMahon នេះ ថាជាបន្ទាត់ព្រំដែនរវាងចិន និងឥណ្ឌា។ រហូតដល់ឆ្នាំ២០០៨ លោកបានអះអាងកាន់តែច្បាស់ថា ដែនដី Arunachal Pradesh ជាផ្នែកមួយនៃប្រទេស ឥណ្ឌា ក្រោមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាយល់ព្រមដោយដំណាងអង់គ្លេស និងទីបេ។

ក្នុងអំឡុងឆ្នាំ និងបន្ទាប់ពីទសវត្សរ៍ឆ្នាំ១៩៥០ ប្រទេស ឥណ្ឌា ចាប់ផ្តើមដាក់ពង្រាយកម្លាំងល្បាត និងគូសចេញបន្ថែមនូវផែនទីដែលផ្តល់ព័ត៌មានកាន់តែលម្អិត។ ចំណែកកងកម្លាំងប្រទេស ចិនធ្លាប់បានវាយដណ្តើមយកតំបន់នេះ ក្នុងអំឡុងសម័យសង្គ្រាមឥណ្ឌា ចិន ក្នុងឆ្នាំ១៩៦០បានមួយរយៈ។ ចាប់តាំងពីពេលនោះមក ដែនដីភាគខាងត្បូងនៃបន្ទាត់ McMahon នេះ ត្រូវបានភាគី ចិន និងឥណ្ឌាដណ្តើមគ្នាទៅវិញទៅមកជាប់ជានិច្ច និងបន្តជាជម្លោះដល់បច្ចុប្បន្ន។

* តំបន់ Sikkim៖
ក្នុងឆ្នាំ១៩៧៥ ព្រះរាជា Sikkim បានរៀបចំប្រជាមតិមួយ ដោយក្នុងនោះប្រជាពលរដ្ឋSikkemes បានបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីគាំទ្រក្នុងការភ្ជាប់ខ្លួនទៅ ប្រទេសឥណ្ឌា។ ប៉ុន្តែលទ្ធផលនៃការធ្វើប្រជាមតិនោះ ត្រូវបានប្រទេសចិនងើបឡើងប្រឆាំងបះបោរ និងច្រានចោលដោយចាត់ទុកថា ការធ្វើប្រជាមតិនេះជារឿងខុសច្បាប់។

ទីបំផុតអនុសារណៈចិន និងឥណ្ឌា ឆ្នាំ២០០៣ ត្រូវបានសម្រេចព្រមព្រៀងដោយពេលនោះ ចិនបានយល់ព្រមចំពោះការបញ្ជូនដែនដីនេះជាកម្មសិទ្ធរបស់ឥណ្ឌា។ ចិនបានចេញផ្សាយនូវផែនទីដែលបង្ហាញថា Sikkim ជាផ្នែកមួយនៃប្រទេសឥណ្ឌា មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីការបរទេសចិន ថែមទាំងបានលុបដែនដីនេះចេញពីបញ្ជីនៃតំបន់ក្នុងប្រទេសចិន។ យ៉ាងនេះក្តី បណ្តាបុគ្គលសំខាន់ៗជាច្រើនរបស់ចិន នៅតែមានបំណងចង់បន្តជម្លោះ ដោយបានដាក់ពង្រាយយោធាជាបន្តបន្ទាប់ ធ្វើឱ្យតំបន់នេះ និងតំបន់មួយចំនួនផ្សេងទៀត ក្លាយជាទីតាំងដែលស្ថិតក្រោមការប្រជែងគ្នារវាង ចិន និងឥណ្ឌាដល់បច្ចុប្បន្ន៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា