(ហ្សាការតា)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដែលមានមនុស្សជិះនៅលើនោះចំនួន ០៥នាក់ បានធ្លាក់នៅ​ក្នុងតំបន់  Wamena នៃខេត្ត Papua ភាគខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែក្រុមសង្គ្រោះ​កំពុងតែបំពេញ​ប្រតិបត្តិការ​ ស្វែងរកនៅ​កន្លែង​កើតហេតុ​នៅឡើយ ដោយគេនៅ​មិនទាន់ទទួលបានព័ត៌មាន អំពីជោគវាសនាមនុស្សម្នាទាំង ០៥នាក់នោះឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនេះ បានកើតមានឡើងបីថ្ងៃបន្ទាប់ពីករណីធ្លាក់ឧទ្ធម្ភាគចក្រ​មួយគ្រឿង នៅ​ភាគខាងលិចប្រទេស​កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ០៨នាក់ ដោយឧទ្ធម្ភាគចក្រ​ខាងលើនេះប្រតិបត្តិ​ដោយក្រុមមន្ត្រី​​ជួយសង្រ្គោះ​ឥណ្ឌូណេស៊ី បានធ្លាក់ម៉ោងប្រមាណ ១៦៖០០នាទី នៅឯភូមិ Canggal នៃស្រុក Temanggung ស្ថិតនៅភាគ​កណ្ដាលខេត្ត​ជា្វ(Java) នៅអំឡុងពេលហោះ​នៅក្បែរភ្នំភ្លើង Dieng ដើម្បីជម្លៀស​ជនរងគ្រោះ​ពីបន្ទុះភ្នំ​ភ្លើងនេះ៕