(​ប៉េកាំង)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Nokia ដែលធ្លាប់ជាក្រុមហ៊ុនលំដាប់កំពូល និងក្រុមហ៊ុនទូរស័ព្ទដៃ Xiaomi​ ដែលជាស្លាកយីហោកំពុងស្ថិតនៅក្នុងលេខរៀងកំពូលរបស់ប្រទេសចិន បានយល់ព្រមចុះហត្ថ​លេខាលើ​អាជ្ញាប័ណ្ណប៉ាតង់ថ្មីមួយ។ នេះបើតាមសម្តីពីអ្នក​តំណាងក្រុមហ៊ុនទាំងពីរ ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ក្រុមហ៊ុនទាំងពីរ កិច្ចព្រមព្រៀង​ក៏មានបូករួមបញ្ចូល​ទំាងអាជ្ញាប័ណ្ណ ផ្នែកបចេ្ចកវិទ្យា​ទូរស័ព្ទរវាង​ក្រុមហ៊ុន​ទំាងពីរ ហើយមិនតែ​ប៉ុណ្ណោះក្រុម Nokia ​ក៏នឹងផ្ដល់​ការផ្គត់ផ្គងបរិក្ខា ជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​ឱ្យក្រុមហ៊ុន Xiaomi​ ផងដែរ។ «ក្រុមហ៊ុន Xiaomi គឺជាកំពូល​អ្នកផលិតទូរស័ព្ទដៃស្មាតហ្វូនមួយនៅលើ​​ពិភពលោក ហើយយើងពិតជា​រីករាយណាស់ ដែលបាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយពួកគេ»។ នេះបើតាម​​សម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Rajeev Suri។ ដោយឡែក លោក Rajeev មិនបានបញ្ជាក់​លម្អិតនោះទេ ពាក់ព័ន្ធនឹង​ទំហំហិរញ្ញវត្ថុ​នៃកិច្ចព្រមព្រៀង​នេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Nokia ដែលបានផ្តាច់ខ្លួនទាំងស្រុងពី Microsoft ទៅហើយនោះ បានព្យាយាមត្រដាប​ត្រដួសដណ្តើមយកទីផ្សាររបស់ខ្លួន ដែលបានបាត់បង់ជាច្រើនឆ្នាំនោះត្រឡប់មកវិញ តាមរយៈការផលិតស្មាតហ្វូន ដែលមានស្លាកសញ្ញា Nokia ផ្តាច់មុខ និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុងពេញនិយម និងមានអ្នកប្រើប្រាស់ច្រើនបំផុតលើលោក ខណៈដែល Xiaomi ក៏កំពុងតែលេចធ្លោខ្លាំងផងដែរ ខាងផលិត​ស្មាតហ្វូនតម្លៃថោកសមរម្យ​តែមានគុណសម្បត្តិខ្ពស់ និងចាប់ផ្តើមពង្រីកទីផ្សារកាន់តែធំនៅទូទាំងសកលលោក៕