(ម៉ូស្គូ)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានឲ្យដឹងនាថ្ងៃពុធនេះថា ខ្លួននៅតែមិន​ទាន់ប្រាកដក្នុងចិត្ត​នៅឡើយទេ ថា ទីក្រុងព្យុងយ៉ាង​ជាក់ស្តែងពិតជាបានទទួលជោគជ័យ ក្នុងការអភិវឌ្ឍមីស៊ីល​ផ្លោងប្រភេទ​បាញ់ឆ្លងទ្វីប (ICBM) ដូចមាត់អះ​អាងដែរ ឬយ៉ាងណានោះ ដោយ​សារ​តែពុំទាន់មាន​ភស្តុតាងច្បាស់លាស់​គ្រប់គ្រាន់ ខណៈអ្នក​នយោបាយនានារបស់អាមេរិក កំពុងសម្តែងក្តីកង្វល់ ចំពោះការវិឌ្ឍន៍ស្ថានការណ៍ដ៏អាក្រក់នេះ។ នេះបើ​តាមការ​ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃអង្គារ​​ម្សិលមិញ កូរ៉េខាងជើង​​បានប្រកាសថា ខ្លួនបានបាញ់​​សាកល្បង​ប្រកប​ដោយ​ជោគជ័យ នូវមីស៊ីល​ផ្លោង​ឆ្លងទ្វីប Hwasong-14 ក្រោម​ការត្រួត​​ពិនិត្យ​ដោយផ្ទាល់​ ពីសំណាក់​មេដឹកនាំ​កំពូល លោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះ​​ត្រូវបាន​ធ្វើតេស្ដ​នៅ​ម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោង​នៅទីក្រុង​សេអ៊ូល) ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវា​អាចរត់បាន​ចំងាយ ៩៣៣​គីឡូ​ម៉ែត្រ ព្រមទាំង​អាចហោះ​បានរយៈកម្ពស់​ដល់ទៅ ២,៨០២គីឡូម៉ែត្រ​ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់​ចូលសមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន។

ជុំវិញការអះអាងនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា «ដោយសម្អាងថា គ្រាប់មីស៊ីលនោះ ត្រូវបានបាញ់ចេញ​ពី​ជើង​ទម្រ​​នៅនឹង​មួយកន្លែង ហើយបូករួម​ទាំងយើងមិនទាន់អាច​បញ្ជាក់បានថា មីស៊ីលនោះ​បានហោះចូលទៅក្នុងបរិយាកាស​វិញដែរ ឬក៏អត់​នោះ ពួកយើងនៅតែមិនអាច​សន្និដ្ឋានមួយ​រយភាគរយបានថា កូរ៉េខាងជើងពិតជាទទួល​បានជោគជ័យ នៅក្នុងការអភិវឌ្ឍ ICBM របស់ខ្លួននោះទេ»។

ម៉្យាងវិញទៀត ក្រសួងខាងលើ​បានគូសបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង​បានប្រើប្រាស់ជើង​ទម្រដែលមិនអាចចល័តបាន សម្រាប់ការធ្វើតេស្ត​មីស៊ីល​ថ្មីចុង​ក្រោយនេះ ដើម្បីជៀសវាង​ការធ្វើឲ្យខូចខាត​ដល់​ជើងទម្រចល័ត​ដូចកាលពីលើកមុន ហេតុដូច្នេះ​ហើយការ​សាកល្បងនេះ ទំនងជា​ស្ថិត​ក្នុងដំណាក់កាល​សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍​នៅឡើយទេ។ ជាមួយគ្នា​នេះកាលពី​ថ្ងៃអង្គារម្សិលមិញ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា មីស៊ីលរបស់​កូរ៉េខាងជើង បានឈាន​ដល់រយៈកម្ពស់តែ ៥៣៤គីឡូម៉ែត្រ ហើយរត់​បានចម្ងាយ ៥០៨គីឡូម៉ែត្រប៉ុណ្ណោះ ហើយ​បើ​​យោងតាមទិន្នន័យ​របស់គ្រាប់​មីស៊ីលនោះ វាគឺជាមីស៊ីលផ្លោង​រយៈចម្ងាយមធ្យម។

យ៉ាងណាមិញ នាថ្ងៃពុធនេះ​ទីក្រុងវ៉ាស៊ីនតោន ក៏បានចេញ​មុខទទួលស្គាល់ថា កូរ៉េខាងជើងពិត​ជាបានបាញ់សាកល្បង​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM ប្រាកដមែន៕