(បាងកក)៖ ក្រសួង​ពាណិជ្ជកម្មថៃ កំពុងរៀបចំ​គម្រោងលើក​កម្ពស់ផលិតផល​ផ្លែឈើ​​របស់ខ្លួនថែមទៀត ដើម្បី​ឆ្លៀត​ឱកាស​ទាញ​យក​​ផល​ប្រយោជន៍ ពីការរីកធំធាត់​ឡើង​នៃទំហំទីផ្សារ​នាំចេញផ្លែឈើ​ទៅក្រៅប្រទេស ដែល​បង្កើន​ចំណូល​បាន​មិន​ក្រោម​ ១០០ពាន់លានបាត ឬស្មើ​នឹង ​២.៩៤ពាន់លានដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​នោះ​ឡើយ។ នេះបើ​តាមការចេញ​ផ្សាយដោយ សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅ​ព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាស​អំពីគោលនយោបាយ​ថ្មី ដើម្បីជួយរុញច្រាន​ប្រទេសថៃ ឲ្យក្លាយជា «មហាអំណាច​​​នៃផល្លានុផល​នៅលើ​ពិភពលោក» ដោយសម្អាង​ថា ប្រទេស​របស់លោក​មានសក្តានុពល​ខ្លាំងគ្រប់គ្រាន់ ព្រោះ​ប្រទេស​អាស៊ាន​មួយនេះ​ បាន​​និង​កំពុង​​​ដាំ​ដុះ​ដំណាំផ្លែឈើ ប្រកបដោយ​គុណភាពខ្ពស់ និងសម្បូរបែប ដែលតបតាមតម្រូវការ​ពីអន្តរជាតិ។

អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម​ថៃ លោក Sonirat Sontijirawong បានឲ្យដឹងថា ក្រសួងបានសម្រេច​រួមសហការ​ជាមួយបណ្តា​ទីភ្នាក់ងារ និងក្រុមហ៊ុន​​ផ្តល់ប្រឹក្សា​ផ្សេងៗ ដើម្បីបង្កើត​ក្បួនយុទ្ធសាស្រ្ត​មួយ ដែលនឹង​ជួយលើកស្ទួយ​លំនាំចេញ​នៃផល្លានុផលល្បីៗ​រួមមាន ធុរេន មៀន មង្ឃុត ដូង  និងឡុំកុំ ជាដើម។ ការវាយ​តម្លៃទៅលើ​ផែនការនេះ គ្រោងនឹងបញ្ចប់រួចរាល់​នៅក្នុង​រយៈពេល​ពីរខែ។

គម្រោងក្នុង​ការលើកមុខ​មាត់​ផល្លានុផលថៃនេះ ត្រូវបានរចនា​ឡើងមិនត្រឹម​ដើម្បីឆ្លៀតយក​ចំណេញ ពីតម្រូវការនាំចេញ​ដែលកំពុងរីកលូត​​លាស់​​ខ្លាំងនោះឡើយ តែក៏ដើម្បី​ស្វែងរកមើលទីផ្សារនាំចេញបន្ថែមទៀត ស្របពេល​ដែលបរិមាណ​នៃការផ្គត់ផ្គង់​ផ្លែឈើ នៅក្នុងស្រុក​មាន​ការកើនឡើង​យ៉ាងឆាប់រហ័ស​ផងដែរនោះ។ ការកើនឡើង​បែបនេះ​ត្រូវគេរំពឹងថា បណ្តាលមកពីប្រជាជនកសិករ​ថៃបច្ចុប្បន្ន បានងាកមកធ្វើ​ការដាំដុះ​ដំណាំហូប​ផ្លែវិញ។

គួរបញ្ជាក់ថា យោងតាម​ប្រធានសហគមន៍​អ្នកនាំចេញ​ផល្លានុផលថៃ ទំហំនៃ​ការនាំចេញ​ផលិតផលផ្លៃឈើ​ប្រចាំឆ្នាំរបស់ថៃ មានតម្លៃរហូត​​ដល់ ១០០ពាន់លានបាតឯណោះ ហើយចំនួននេះ​បានបន្តកើន​ឡើងក្នុង​អត្រា ៣០ភាគរយជារៀងរាល់ឆ្នាំ ក្នុងអំឡុង០៥ឆ្នាំ​ចុងក្រោយនេះ។ ដោយឡែក​អ្នកនាំចូលផ្លែឈើថៃដ៏​ធំជាងគេវិញ​នោះគឺជាប្រទេសចិន ដែលបាន​ចូលរួមចំណែកដល់​៧០ភាគ នៃបរិមាណ​ផ្លែឈើនាំចេញ​​សរុប​ពីប្រទេសថៃ ខណៈហុងកុង​ទទួលបន្ទុក ២០ភាគរយ និងឥណ្ឌូណេស៊ីចូលរួម ០៦ភាគរយ។ រីឯប្រជាជាតិដទៃទៀតដែល​ធើ្វការនាំ​ចូលផលិតផល​ផ្លែឈើថៃដែរនោះ រួមមានកោះតៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម៕