(​ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ (ម៉ោងនៅអាល្លឺម៉ង់) បានជួបពិភាក្សា​ការងារជាមួយ​អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល នាឱកាសបំពេញ ដំណើរទស្សនកិច្ច​ដើម្បីត្រៀមចូលរួម​កិច្ចប្រជុំ G20 នៅក្នុង​សប្ដាហ៍នេះ។ ព្រមពេល​ជាមួយគ្នា ប្រធានាធិបតីចិន​រូបនេះក៏បាន​និយាយដែរថា ប្រទេស​របស់លោក​គាំទ្រដល់ការរួបរួមគ្នា ស្ថេរភាព ការរីកចំរើន និងការបើកចំហរបស់​សហភាពអឺរ៉ុប។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងជំនួប​ជា​មួយលោកស្រី មឺគែល លោក ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិន និងសហភាពអឺរ៉ុប គឺជាមហាអំណាច និងជាដៃគូ​យុទ្ធសាស្ត្រ​ដ៏សំខាន់ ដូច្នេះភាពស្មុគស្មាញ​នៃស្ថានភាព​ពិភពលោកបច្ចុប្បន្ន នឹងមានតែ​ធ្វើឱ្យទំនាក់ទំនង​ចិន-សហភាពអឺរ៉ុប​កាន់តែរឹងមាំ និងមានស្ថេរភាព... ជាងនេះទៅទៀត​ទីក្រុងប៉េកាំង​សង្ឃឹមថា ចិន និងអាល្លឺម៉ង់ អាចនឹងដើរ​តួនាទីក្នុងនាម​ជាមេដឹកនាំ និងជាអ្នករក្សាស្ថេរភាព​ដើម្បីរក្សាការអភិវឌ្ឍទំនាក់ទំនង​កម្រិតខ្ពស់​រវាងចិន និងសហភាព​អឺរ៉ុប»

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទៅដល់ទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារ សម្រាប់ទិសដៅនៃដំណើរទស្សន​​កិច្ចជាលើក​ទី០២ នៅអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់​ដំណើរទស្សនកិច្ច​នៅរុស្ស៊ី ហើយលោកនឹង​ត្រូវចូលរួមកិច្ចប្រជុំកំពូលប្រទេស និងតំបន់សេដ្ឋកិច្ចកំពូលលើលោក «G20» ​នៅទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែកក្កដានេះ ចំពោះមុខការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លា និងគំរោងរៀបចំក្បួនតវ៉ាប្រឆាំង ពីសំណាក់ប្រជាជនអាល្លឺម៉ង់ជាច្រើននាក់ផងដែរ៕