(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានដាក់សំណើដល់ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ ឲ្យមានការ​កោះប្រជុំជា​បន្ទាន់មួយ ដើម្បី​ជជែក​ពិភាក្សាលើប្រធានបទ​យ៉ាងក្តៅគគុកនោះគឺ ការបាញ់សាកល្បង​មីស៊ីលផ្លោង​របស់កូរ៉េខាងជើង កាលពីព្រឹកថ្ងៃអង្គារ​ម្សិលមិញនេះ ហើយកិច្ច​ប្រជុំនេះ ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ​នារសៀលថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក)។ នេះបើតាមសម្តីរបស់មន្រ្តី UN ដកស្រង់​ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

ប្រទេស​កូរ៉េខាងជើង បានប្រកាសកាលពី​ថ្ងៃអង្គារថា ខ្លួនបានបាញ់តេស្តគ្រាប់មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM មាន​ឈ្មោះថា Hwasong-14 ជាលើកដំបូង​របស់ខ្លួន ប្រកប​ដោយ​ជោគជ័យ។ ទីក្រុងព្យុងយ៉ាងបានបញ្ជាក់​ទៀតថា មីស៊ីលនោះ​ធ្វើដំណើរបានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងបានហោះ​ឡើងដល់​ក្នុងរយៈកម្ពស់ ២,៨០០គីឡូម៉ែត្រ ក្នុងអំឡុង​ការហោះហើ​ររយៈពេល ៣៩នាទីរបស់វា នៅមុនពេល​បានវាយប្រហារ​​ចំគោលដៅ ១០០ភាគរយនៅលើ​សមុទ្រជប៉ុន។

ជុំវិញការអះអាងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានចេញមុខទទួលស្គាល់ផងដែរថា វា​គឺជា​កា​រធ្វើ​តេស្ត​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ជាលើកដំបូង របស់កូរ៉េខាងជើង។ បន្ថែមពីនោះចិនដែលជាសម្ព័ន្ធមិត្តទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសផងដែរចំពោះសកម្មភាពកូរ៉េខាងជើង ប៉ុន្តែខ្លួនបែរជាអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ ដើម្បីកុំឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនជាងនេះ៕