(បាងកក)៖ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) របស់ប្រទេសថៃ បានសម្រេចនាថ្ងៃអង្គារនេះថា នឹងទុករយៈពេល​ឲ្យ​ចំនួន​០៦ខែទៀត ក្នុងការរឹតបន្តឹងច្បាប់ហាមឃាត់ ជុំវិញបញ្ហាពលករ​ចំណាកស្រុក​ មកពីបណ្តាប្រទេសជិតខាង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា NCPO លោក Winthai Suvaree បានឲ្យដឹងថា NCPO បានសម្រេច​ធ្វើការពន្យាពេល​ ចំពោះការរឹតបន្តឹង​អនុក្រឹត្យ​​របស់រដ្ឋាភិបាល​យោធា ដែលត្រូវបាន​ធ្វើឡើងជាចម្បងដើម្បីដោះស្រាយ ក៏ដូចជាទប់ទល់​បញ្ហាពលករ​ចំណាកស្រុក និងចូលមកធ្វើ​ការដោយខុសច្បាប់​នៅក្នុង​ព្រះរាជាណាចក្រថៃ។ ការរឹតបន្តឹង​ច្បាប់ហាមឃាត់​នេះ ដែលដំបូង​ឡើយត្រូវបាន​គ្រោង​នឹងចូលជាធរមាន​ ​ចាប់​ពីថ្ងៃទី២៣ ខែមិថុនា​តទៅនោះ បច្ចុប្បន្នកំពុងស្ថិត​ក្នុងការពន្យាពេល​រហូត​ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

នៅក្រោមច្បាប់ខាងលើ ការផាកពិន័យ​មានការកើនឡើងខ្ពស់​ជាងមុនសម្រាប់ ជនល្មើស​ទាំងឡាយណា រួមមានទាំងពលករ​ចំណាក​ស្រុក ដែលបានចូល​មកក្នុងប្រទេសថៃ​ដោយខុសច្បាប់ ឬពុំមាន​លិខិតឆ្លងដែន ឬក៏គ្មានប័ណ្ណការងារត្រឹមត្រូវ ក៏ដូចជា​នយោជន ដែលជួលពលករ​​​ចំណាកស្រុក​ខុសច្បាប់ទាំងនោះ​ឲ្យបម្រើការងារ ឬមួយក៏មិន​បានជូនជាដំណឹង​ដល់អាជ្ញាធរ។ ប្រសិនបើត្រូវរក​ឃើញថា ពិតជាមានទោស​​ត្រូវទទួលការចោទប្រកាន់​ប្រាកដមែននោះ​ ពលករទាំងនោះ​នឹងត្រូវបញ្ចូន​ទៅកាន់ប្រទេស​កំណើតវិញភ្លាមៗ ខណៈចៅហ្វាយ​ដែល​ជួលពួកគេ នឹងត្រូវប្រឈម​មុខ​ជាមួយ​ការបង់ប្រាក់​ពិន័យច្រើន​បំផុត ៨០០,០០០បាត ឬស្មើនឹង​២២,៨៥៧ដុល្លារអាមេរិក នៅក្រោម​ច្បាប់ថ្មីនេះ៕