(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង​បានចេញមុខថ្កោលទោស​កូរ៉េខាងជើង ​អះអាងពី​ភាពជោគជ័យ នៃការបាញ់​សាកល្បង​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM ជាលើកដំបូង​នៅប៉ុន្មាន​ម៉ោងមុននេះ ព្រមទំាងចាត់​ទុកថា វាគឺជាទង្វើ​រំលោភដំណោះស្រាយ​អង្គការ​សហប្រជាជាតិ។ នេះបើតាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក Geng Shuang ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

នៅថ្ងៃអង្គារ​នេះតែម្ដង កូរ៉េខាងជើង​បានធ្វើឱ្យពិភពលោក ជាពិសេសកូរ៉េខាងត្បូង​ស្រឡំាងកំាង​ជាថ្មីម្ដងទៀត ក្រោយស្ថានីយ៍​ទូរទស្សន៍រដ្ឋ KCNA បានប្រកាសថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដ​សាកល្បង​ដោយជោគជ័យ​ នូវមីស៊ីល​ផ្លោង​ឆ្លងទ្វីប Hwasong-14។ KCNA នៅក្នុង​សេចក្ដី​ប្រកាស​របស់ខ្លួន​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើង​បានបាញ់​សាកល្បង​ប្រកប ដោយ​ជោគជ័យ​នូវមីស៊ីល​ផ្លោង​ឆ្លងទ្វីប Hwasong-14 ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់​ ពីសំណាក់​មេដឹកនាំ​កំពូល លោក គីម ជុងអ៊ុន... គ្រាប់មីស៊ីលនេះ បានត្រូវចេញនៅ​ម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅ​ទីក្រុង​សេអ៊ូល) ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវា​អាចរត់បាន​ចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំង​អាចហោះបាន​រយៈកម្ពស់ ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល​៣៩នាទី មុននឹងធ្លាក់​ចូលសមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន»

ចំណែកឯ​យោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរ​ថា មីស៊ីល Hwasong-​14 នេះ អាចហោះបានរយៈកម្ពស់ ២,៣០០គីឡូម៉ែត្រ តែបើគេបាញ់​វាចេញពី​មុំស្ដង់ដារ នោះវាអាចហោះបានរយៈ​កម្ពស់ ៦,០០០គីឡូម៉ែត្រ ឯណោះ។ ទោះបីជាយ៉ាង​ណា​នៅមុនការអះអាងនេះ សហរដ្ឋអាមេរិក​បានសន្និដា្ឋនថា មីស៊ីលនេះ​គ្រាន់តែជាគ្រា​ប់មីស៊ីលរយៈចម្ងាយ​មធ្យមប៉ុណ្ណោះ ហើយក៏មិន​អាចគំរាមអ្វី​ដល់សន្តិសុខជាតិ​អាមេរិកដែរ។

ដោយឡែក​ពាក់ព័ន្ធនឹងជោគជ័យនេះ​ដែរ មិនបានធ្វើឱ្យចិន​ចេញមុខសាទរសម្ព័ន្ធមិត្ត​ចាស់វស្សារបស់​ខ្លួននោះទេ ផ្ទុយទៅវិញ​រដ្ឋាភិបាលទីក្រុងប៉េកំាង តាមរយៈអ្នក​នំាពាក្យ​ក្រសួងការបរទេស លោក Geng Shuang បានថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះការបាញ់សាកល្បងមីស៊ីលនេះ ដោយចាត់ទុកថា វាជាទង្វើ​រំលោភលើដំណោះស្រាយ​អង្គការសហប្រជាជាតិ តែព្រមពេល​ជាមួយគ្នាចិន​ នៅតែអំពាវនាវឱ្យភាគីពាក់ព័ន្ធ​ទាំងអស់​ រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ស្ថិតនៅចំងាយប្រមាណជា ៩,០០០គីឡូម៉ែត្រ​ពីកូរ៉េខាងជើង ចំណែឯ​មីស៊ីលផ្លោង ICBM ជាមធ្យមអាច​បាញ់បានចំងាយ ៥,៥០០គីឡូមែត្រ ប៉ុន្តែ​គ្រាប់មីស៊ីលប្រភេទនេះ ខ្លះអាចបាញ់បានចំងាយ ១០,០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ។ ជាងនេះទៅទៀត បើតាម​ក្រុមអ្នកជំនាញ កូរ៉េខាងជើង​អាចនឹងផលិត​បា​នមីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់​ទ្វីបអាមេរិក​យ៉ាងយូរ នៅឆ្នាំ២០២០៕