(ហាណូយ)៖ រដ្ឋធានីហាណូយ​នៃប្រទេសវៀតណាម​នាថ្ងៃអង្គារនេះ បានចេញសេចក្តី​សម្រេចថា នឹងដាក់បំរាមហាមឃាត់លែងឲ្យមានការ​ចរាចរណ៍ទោចក្រយានយន្ត (ម៉ូតូ) នៅតាមដងផ្លូវក្នុងទីក្រុងតទៀតហើយ គិតចាប់ពីឆ្នាំ២០៣០​ខាងមុខទៅ។ នេះបើតាម​សារព័ត៌មានក្នុង​ស្រុក​របស់វៀតណាម VnExpress ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

យោងទៅតាម​សេចក្តីសម្រេច​ស្តីពីការពង្រឹង​ការគ្រប់គ្រង មធ្យោយបាយ​ធ្វើគមនាគមន៍​នៅទីក្រុងហាណូយ ក្នុងអំឡុងឆ្នាំ​២០១៧-២០៣០ ដែលទទួលបាន​ការឯកភាពពីគណៈកម្មការរដ្ឋបាលក្រុង​នាថ្ងៃអង្គារនេះ គ្មានទោចក្រយានយន្ត​ណាមួយ នឹងត្រូវអនុញ្ញាត​ឲ្យធ្វើចរាចរណ៍​នៅតាមសង្កាត់​ប្រជុំជន​ នៃទីក្រុងហាណូយ​តទៀត​ឡើយ គិតចាប់ពី​ឆ្នាំ២០៣០ទៅ។

ដោយឡែកនា​ពេលអនាគត​ទៅមុខទៀត រថយន្ត​​ទាំងអស់អាចនឹង​ត្រូវហាមឃាត់​មិនឲ្យ​ចរាចរណ៍ នៅតាមតំបន់មួយចំនួន ឬមួយក៏អនុញ្ញាត​ឲ្យធ្វើដំណើរតែ​នៅក្នុង​អំឡុងម៉ោង ឬថ្ងៃ​កំណត់​​ច្បាស់​​លាស់​ណាមួយប៉ុណ្ណោះ។ ម៉្យាងវិញទៀត​អាជ្ញាធរទីក្រុង ក៏នឹងរឹតបន្តឹង​ការគ្រប់គ្រង​សេវារត់តាក់ស៊ី និងធ្វើការ​អភិវឌ្ឍប្រព័ន្ធ​គមនាគមន៍​សាធារណៈផងដែរ។

គួរបញ្ជាក់ថា បើតាមទិន្នន័យ​ពីមន្ទីរដឹកជញ្ជូន​នៃទីក្រុងហាណូយ​​​​ គិតត្រឹមចុង​ខែវិច្ឆិកា ឆ្នាំ២០១៦ ទីក្រុង​នេះ ជាមួយនិងចំនួន​ប្រជាជនសរុប​ប្រមាណ ៧.៦លាននាក់ មានម៉ូតូដល់​ទៅជាង​០៥លានគ្រឿង៕