(បាងកក)៖ មនុស្សចំនួន១១នាក់​នៅខេត្ត Phichit ភាគកណ្តាល​ប្រទេសថៃ ត្រូវគេបញ្ជាក់អះអាងថា ពិតជាបានឆ្លង​វីរុស Zika ដែលបានវាយ​ប្រហារ​មកលើតំបន់​អាស៊ីអាគ្នេយ៍​យ៉ាងកក្រើក កាលអំឡុងចុងឆ្នាំ២០១៦ ខណៈមនុស្ស​២៧នាក់ផ្សេងទៀត កំពុងស្ថិតក្រោម​ការតាមដាន​​ និងត្រួតពិនិត្យថា តើមានការឆ្លងវីរុសនេះដែរ ឬយ៉ាងណា។ នេះបើ​តាមការឲ្យ​ដឹងពីអភិបាល​ខេត្ត Phichit លោក Wirasak Wichisaengsi ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

លោក Wirasak បានឲ្យដឹងថា លទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ បានបញ្ជាក់ឲ្យឃើញថាមានអ្នកឆ្លងវីរុស Zika ចំនួន១១នាក់ចាប់តាំង​ពីថ្ងៃ​សៅរ៍សប្តាហ៍មុនមក ហើយពួកគេទាំងអស់កំពុងស្ថិតក្រោមការមើលថែទាំព្យាបាល។ ជាមួយគ្នានេះមន្រ្តីសុខាភិបាលថៃ បានបញ្ជូនក្រុម​ការងារពិសេស ឲ្យទៅកម្ចាត់សត្វមូសចង្រៃនៅក្នុងតំបន់នោះ ដើម្បីទប់ស្កាត់កុំឲ្យវីរុសដែលមានសត្វមូសជាភ្នាក់ងារចម្លងនេះ បន្តរីករាត​ត្បាតកាន់តែខ្លាំងបាន។

យ៉ាងណាមិញ លោក Wirasak បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋកុំ​មានការព្រួយបារម្ភច្រើនថ្វី ដោយសម្អាងថា ករណីឆ្លងវីរុស Zika នេះ ធ្លាប់បានកើត​មាននៅតាម​បណ្តាខេត្ត និងក្រុងមួយ​ចំនួនកាលពីមុន​មកនោះ ហើយលោក​អភិបាលខេត្តក៏ បានស្នើឲ្យអ្នកទាំងឡាយណា ដែល​មានអការៈ​គ្រុនក្តៅខ្លាំង ឬអការៈស្រដៀងៗ​គ្នានេះ ឲ្យទៅធ្វើតេស្ត​ឈាមនៅឯមន្ទីរពេទ្យ​ផងដែរ។

គួរបញ្ជាក់ថា Zika គឺជាវីរុស​ដែលឆ្លងតាមប្រភេទ​សត្វមូស Aedes Aegypti ដែលអាចបង្ក​ឲ្យស្រ្តីមានផ្ទៃពោះ​ផ្តល់កំណើត​ដល់ទារក​មានភាព​​ខុសប្រក្រតី ដូចជាមានក្បាលតូចខុស​ពីធម្មតា​ជាដើម៕

ផ្ទុះករណីឆ្លងវីរុស Zika ចំនួន១១នាក់នៅភាគកណ្តាលប្រទេសថៃ ខណៈ២៧នាក់ទៀត កំពុងស្ថិតនៅក្នុងការធ្វើតេស្ត!