​(ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសរបស់លោក​សង្ឃឹមថា​បណ្ដាប្រទេសសេដ្ឋកិច្ច​រីកចំរើនទំាង២០ ឬ G20 នឹងបន្តកិច្ចខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ចពិភពលោក​ដោយបើកចំហ។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក ស៊ី ត្រូវបានចុះផ្សាយ​ដោយប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ មុននឹងលោក​ត្រូវចូលរួម​កិច្ចប្រជុំ G20 នៅប្រទេសអាល្លឺម៉ង់។ ដោយឡែក​នៅអំឡុង​ពេលបំពេញ ដំណើរទស្សនកិច្ច​នៅរុស្ស៊ី​កាលពីថ្ងៃចន្ទ ប្រធានាធិបតីចិន​ក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំ G20 គឺជាវេទិកា​អន្តរជាតិ នៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចដ៏សំខាន់ ដែលអាចជួយ​សម្រេចបាន​ការព្រមព្រៀងគ្នា​មួយ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច និងធ្វើឱ្យប្រសើរ​ឡើងនូវស្ថានភាព​សេដ្ឋកិច្ច​​រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។

គួបញ្ជាក់ថា កិច្ចប្រជុំ G20 ​នឹងត្រូវប្រព្រឹត្តទៅនៅឯទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដានេះ ដោយក្នុងនោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏នឹងមានវត្តមានចូលរួមផងដែរ៕