(សេអ៊ូល)៖ ទីបំផុតប្រទេសកូរ៉េខាងជើង​បានប្រកាសជាផ្លូវការហើយ នូវភាពជោគជ័យរបស់ខ្លួនក្នុងការ​បាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅព្រឹកថ្ងៃអង្គារនេះ ដែលដូចជាក្រុម​អ្នកជំនាញអន្តរជាតិ​ បានអះអាង​ពីដំបូង ព្រោះវាជាគ្រាប់មីស៊ីលដែល​កូរ៉េខាងជើង បាននិងកំពុងព្យាយាមអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា និងថែម​ទាំងបាន​អួតអាងកាលពីពេលថ្មីៗនេះទៀតថា វាអាចបាញ់ដល់គ្រប់ទិសទីទូទាំងពិភពលោក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ទោះបីជាកូរ៉េខាងជើងអះអាងថា ជាគ្រាប់មីស៊ីលជាប្រភេទ ICBM ក្តី ក៏សហរដ្ឋអាមេរិកអះអាងថា វាគ្រាន់តែជាមីស៊ីលប្រភេទរយៈចម្ងាយមធ្យមប៉ុណ្ណោះ ដោយវាត្រូវបាន​បាញ់ និងហោះបានរយៈពេល ៣៧នាទី មុនធ្លាក់ចូលក្នុងសមុទ្រជប៉ុន បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់សាកល្បង​ នៅម៉ោង​ប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន៕