(អាមេរិក)៖ បន្ទាប់ពីពុំ​មានដំណឹងអ្វីប្លែក​ អស់រយៈពេលជាច្រើនខែមកហើយនោះ ទីបំផុតយើងមានដំណឹងថ្មី​ពីយានអវកាស Juno ដែលកំពុង​​តែ​បំពេញបេសកកម្ម​នៅឯភពព្រហស្បត៍​ហើយ។ នៅក្នុងពេល​ត្រឹមមួយសប្តាហ៍ទៀត​ប៉ុណ្ណោះ យានអវកាស Juno របស់អង្គការ NASA នឹងធ្វើដំណើរ​ហោះ​ទៅរយៈកម្ពស់​ជាង ៩,០០០គីឡូម៉ែត្រ ពីលើព្យុះ​ដ៏ធំមហិកមា ដែលត្រូវបាន​គេស្គាល់ថា «Great Red Spot» និងមាន​ទំហំធំជាង​ភពផែនដី​​ទៅទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Spuntik នៅព្រឹក​ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ព្យុះរាងដូច​បន្ទះឌីសយក្ស ដែលមានមុខកាត់​ប្រវែង ១៦,១០០គីឡូម៉ែត្រ នៅលើភពដ៏ធំ​ជាងបង្អស់ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់យើងនេះ បាន​ទាក់​ទាញ​ចំណាប់អារម្មណ៍ក៏ដូចជាភាព​ងឿងឆ្ងល់ របស់អ្នកវិទ្យាសាស្រ្ត​យ៉ាងហោច​ណាស់ចាប់តាំង​ពីអំឡុង​ទសវត្សរ៍ឆ្នាំ​១៨៣០មកម៉្លេះ បើតាម​អង្គការ NASA ខណៈផែនដី​របស់យើងមានអង្កត់ផ្ចិតត្រឹមតែ ១២,៧០០គីឡូម៉ែត្រប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៦ យានអវកាស Juno របស់អង្គការ NASA បានផ្តិត​យករូបភាពរបស់ព្យុះ Great Red Spot ក្នុងរយៈចម្ងាយ​ប្រហែល១០លាន​គីឡូ​​ម៉ែត្រ​ពី​ភពព្រហស្បតិ៍ (Jupiter)។ ដោយឡែក​ក្នុងដំណើរ​បេសកកម្មថ្មីនេះ NASA បានឲ្យដឹងថា «Juno នឹងឧបករណ៍​វិទ្យាសាស្រ្តទំនើបៗ​ដែលបំពាក់នៅលើវា នឹងហោះមុជ​ទៅកាន់កៀកនឹង Jupiter ដើម្បីតាមដាន​មើលថា តើព្យុះមហិមានេះ មានជម្រៅ​ជ្រៅយ៉ាងណា ហើយវានឹង​​ជួយដល់ពួកយើង ក្នុងការស្វែង​យល់កាន់តែច្បាស់​អំពី Great Red Spot និងអ្វីដែលធ្វើ​ឲ្យវាមានលក្ខណៈ​ពិសេសបែបនេះ»

គួរបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី០៤ ខែកក្កដានេះ យានអវកាស Juno នឹងធ្វើដំណើរ​ជុំវិញភពព្រហស្បតិ៍​បានមួយឆ្នាំ​ពេញល្មម ហើយបើគិត​ជាចម្ងាយ​វិញគឺ​ប្រមាណ ១១៤លានគីឡូម៉ែត្រ៕