(ស៊ីដនី)៖ យន្តហោះមួយគ្រឿង​របស់ក្រុមហ៊ុន AirAsia ដែលមានជើងហោះហើរ X Flight បាន​គ្រោងធ្វើដំណើរ​ពី​តំបន់ Gold Coast របស់អូស្ត្រាលី ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ី ប៉ុន្តែក្រោយពីទើបធ្វើការ​ហោះឡើងបានពាក់កណ្តាល​អាកាស វាក៏បុកនឹងហ្វូងបក្សី ទើបបង្កឲ្យមានការ​ប្រកាសអាសន្ន និងចុះចតជា​បន្ទាន់ ដើម្បីពិនិត្យមើល​ប្រព័ន្ធសុវត្ថិភាពឡើងវិញ នៅព្រលានយន្តហោះ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលីតែម្តង។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

យន្តហោះ​ខាងលើនេះ ជាប្រភេទ Airbus A330 បានបុកនឹង​ហ្វូងបក្សី ដែលអ្នកដំណើរ​នៅជិតស្លាបផ្នែកខាង​ស្តាំ​របស់យន្តហោះ បានលឺសំឡេង​ទង្គិចរវាងតួយន្តហោះ នឹងបក្សីយ៉ាងហោច​ណាស់ក៏ ៤ ទៅ ៥ដងដែរ។ អ្នកដំណើរម្នាក់នៅលើនោះ​បានរៀបរាប់ថា «ខ្ញុំអាចឃើញ​ពន្លឺពណ៌ទឹកក្រូច ពីតាមមាត់បង្អួត ដោយអ្នកខ្លះ​បានអះអាងថា មានភ្លើងឆេះ​ហើយដូច្នេះពួកយើងក៏ចាប់​ផ្តើមធ្វើការបន់ស្រន់ ប៉ុន្តែគ្រប់គ្នានៅតែរក្សា​សណ្តាប់ធ្នាប់»

គួរបញ្ជាក់ថា បើតាមសម្តីរបស់​អ្នកនាំពាក្យអាកាសយានដ្ឋានខាងលើនេះ វាគឺជាការប៉ះទង្គិចរវាងយន្តហោះ និងហ្វូងសត្វបក្សី ហើយពួកគេ​បានឃើញសាកសព​របស់សត្វទាំងនោះ នៅព្រលាន​យន្តហោះ Gold Coast។ សម្រាប់អ្នក​ដំណើរទាំង ៣៤៥នាក់ និងសហសេវិក ១៤នាក់ គឺមានសុវត្ថិភាព​ជាធម្មតា ហើយផ្នែកបញ្ជាការ​ហោះហើរ​នៅឯអាកាសយានដ្ឋាន បានកោតសរសើរ​ពីឡុតទាំងអស់ ដែលមានស្មារតីខ្ពស់​ក្នុងការគ្រប់គ្រង​ស្ថានការណ៍​បានយ៉ាងប្រសើរ។ ដោយឡែកជើងហោះហើរពិសេស ដើម្បីហោះហើរ​ទៅគូឡាឡាំពួឡើងវិញ នឹងត្រូវធ្វើឡើង​ក្នុងពេលឆាប់ៗ​ តាមដែលអាចធ្វើទៅបាន៕