(ប៉ារីស)៖ បុរសប្រដាប់អាវុធពីរនាក់ បានបើកការបាញ់ប្រហារ​ទៅមនុស្សមួយក្រុម ស្ថិតនៅទីក្រុង Toulouse ភាគខាងត្បូង​ប្រទេសបារាំង នៅយប់ថ្ងៃចន្ទ ដោយបានផ្តាច់ជីវិត​មនុស្សម្នាក់ និងបងរបួស០៦នាក់ផ្សេងទៀត ហើយនេះជាករណីទីពីរហើយនៃការបាញ់ប្រហារគ្នា ដែលបានកើតមានឡើងពីរថ្ងៃជាប់ៗគ្នា។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ការបាញ់ប្រហារ​បានកើតមានឡើង​នៅវេលាម៉ោង ៩៖០០នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅទីក្រុងប៉ារីស) ដោយជនសង្ស័យ​​ចំនួនពីររូប បានជិះម៉ូតូមួយគ្រឿង រួចធ្វើការបាញ់រះទៅលើមនុស្សមួយក្រុមខាងលើនេះ បានបណ្តាលស្លាប់ និងរងរបួសសរុបចំនួន​ ០៧នាក់តែម្តង​នៅក្នុងសង្កាត់ La Reunerie នៃទីក្រុង Toulouse រួចជនសង្ស័យទាំងពីរនាក់ ក៏ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។  

បើតាមសមត្ថកិច្ចបារាំង អ្នករងរបួសចំនួនពីរនាក់ គឺកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលការព្យាបាល​ជាបន្ទាន់នៅក្នុងមន្ទីរពេទ្យនៃទីក្រុងខាងលើនេះ។ ភ្លាមៗ​កងកម្លាំងប៉ូលិស​ ត្រូវបានបញ្ជូនទៅកាន់កន្លែង​កើតហេតុ ខណៈមិនទាន់មាន​ការអះអាងថា វាជាអំពើភេរវកម្ម​នោះឡើយ។ ករណីនេះ​បានកើតមានឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ករណីបាញ់​ប្រហារ​មួយ បាន​កើតមានឡើង​នៅខាងមុខព្រះវិហារ​អ៊ីស្លាម​មួយ​កន្លែង ក្នុងទីក្រុង Avignon ភាគអាគ្នេយ៍​​នៃប្រទេស​បារាំង ​បានបណ្តាលឲ្យមនុស្សចំនួន​០៨នាក់រងរបួស កាលពីវេលារាត្រី​ថ្ងៃអាទិត្យ៕