(ប៉េកាំង)៖ ប្រទេសចិនបានធ្វើការអំពាវនាវសាជាថ្មី ឲ្យប្រទេសឥណ្ឌាធ្វើការដកកងកម្លាំង ដែលឆ្លងកាត់ព្រំដែន​នោះចេញទៅវិញជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាស​របស់ក្រសួងការបរទេសចិន ដកស្រង់ដោយ​សារព័ត៌មាន CGTN នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ផ្នែកត្រួតស៊ីគ្នានៃតំបន់ព្រំដែនចិន-ឥណ្ឌា ត្រូវបានកំណត់ដោយអនុសញ្ញាអង់គ្លេស-ចិន ឆ្នាំ១៩៨០ ដែលកាល​ណោះរដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ដោយខ្លួនឯងថា មិនមានការជំទាស់នោះឡើយ។ លោក Geng បានសង្កត់ធ្ងន់ថា «វាគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលត្រូវតែគោរពតាមសន្ធិសញ្ញា»

ប្រទេសចិនចោទឥណ្ឌាថា បានបំពានលើសន្ធិសញ្ញា​ដែលមានស្រាប់ តាមរយៈការបញ្ជូន​កម្លាំងឆ្លងកាត់​ព្រំដែន ដែលប្រឆាំង​ទៅនឹងធម្មនុញ្ញ​នៃអង្គការ​សហប្រជាជាតិ និងច្បាប់​អន្តរជាតិ ដូច្នេះ «វាជាបញ្ហាធ្ងន់ធ្ងរណាស់»។ ចិន​សូមអំពាវនាវ​ឲ្យឥណ្ឌា​ ដកទ័ពចេញពីតំបន់ព្រំដែន​ភាគនិរតីប្រទេសចិននេះ​ជាបន្ទាន់ ដើម្បីបង្ហាញការគោរព​ចំពោះសន្ធិសញ្ញា​ដែលខ្លួនបានចុះ​ហត្ថលេខាជាប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ៕