(ស៊ីរី)៖ រដ្ឋាបាលស៊ីរី នៅថ្ងៃចន្ទនេះ បានចេញមុខព្រមានសហរដ្ឋអាមេរិកត្រង់ៗតែម្ដងៗថាបើសិនជានៅតែបន្តបើកការវាយប្រហារសាជាថ្មីលើមូលដ្ឋាន ឬកងកម្លាំងស៊ីរី នោះទីក្រុងវ៉ាស៊ីន តោន នឹងទទួលបានមេរៀនមួយយ៉ាងសាកសមនៃការឆ្លើយតបភ្លាមៗរបស់ទីក្រុងដាម៉ាស់ និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Meqdad ដក ស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ការព្រមានបាញ់តបតរបស់ទីក្រុងដាម៉ាស់ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ​ត្រាំ បានចោទប្រកាន់ថា រដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ កំពុង រៀបចំការវាយប្រហារដោយអាវុធគីមី ហើយថាបើសិនជាការវាយប្រហារនេះកើតឡើងពិតមែន នោះរដ្ឋាភិបាលស៊ីរី នឹងត្រូវសងមកវិញនូវតម្លៃតបស្នងមួយយ៉ាងសាកសម ដូចកាលកង កម្លាំងអាមេរិកបាញ់ស្រោចមីស៊ីលជាង៦០គ្រាប់ លើមូលដ្ឋានទ័ពស៊ីរី Shayrat បន្ទាប់ពីមានការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Khan Sheikhoun ដែលបណ្ដាលឱ្យជនស៊ីវិល ស្លូតត្រង់មានទាំងកុមាររាប់សិបនាក់បាត់បង់ជីវិត។ ដោយឡែក ឆ្លើយតបទៅនឹងការព្រមាននេះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងដាម៉ាស់ លោក Faisal Meqdad បានព្រមានបក ទៅវិញដូច្នេះថា៖ «យើងនឹងមិនភ្ញាក់ផ្អើលនោះទេ បើសហរដ្ឋអាមេរិកដឹកនាំការវាយប្រហាររំលោភបំពានសាជាថ្មីនៅស៊ីរី... ក៏ប៉ុន្តែពួកគេត្រូវគិតគូរ និងយល់ឱ្យបានច្បាស់ថាស៊ីរី និងសម្ព័ន្ធ មិត្តរបស់ខ្លួន នឹងធ្វើការសងសឹងវិញចំពោះរាល់សកម្មភាពឈ្លានពានសាជាថ្មី»

គួរបញ្ជាក់ថា បើតាមលោក Faisal Meqdad បច្ចុប្បន្ន ស៊ីរី មិនមានអាវុធគីមីឡើយ ចាប់តាំងពីបានបំផ្លាញចោលកាលពីឆ្នាំ២០១៤មក។ ចំណែកឯ ក្រុមអ្នកជំនាញខ្លះយល់ថាជម្លោះស៊ីរី អាចនឹងអូសទាញឱ្យមហាអំណាចនៅក្នុងតំបន់ ព្រមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី ប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា នៅថ្ងៃណាមួយ ខណៈភាគីជម្លោះទំាងអស់នៅស៊ីរី សុទ្ធតែមាន មហាអំណាចជាមេកើយរៀងៗខ្លួន៕ ​