(ប៉េកាំង)៖ ប្រធនាធិបតីចិន លោក ស៊ី ជិនពីង កំពុងធ្វើដំណើរទៅកាន់​ប្រទេសរុស្ស៊ី ដើម្បីបំពេញ​ទស្សនកិច្ចចំនួន​ពីរថ្ងៃ ចាប់ថ្ងៃទី៣-៤ ខែមិថុនា ក្រោមការអញ្ជើញ​ដោយផ្ទាល់ពី​សំណាក់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារចិន CGTN នៅរសៀល​ថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមប្រភព​ព័ត៌មានដដែល លោក ស៊ី នឹងជួបជាមួយ​សមភាគីរុស្ស៊ីរបស់​លោក​ជាលើកបីហើយ នៅក្នុងឆ្នាំ២០១៧នេះ ហើយមេដឹកនាំ​​នៃ​ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សា​ស៊ីជម្រៅ ជុំវិញប្រធានជា​ច្រើនពាក់ព័ន្ធ​នឹងប្រជាជាតិទាំងពីរ។ បន្ថែមពីនេះ​ភាគីទាំងសងខាង​​ក៏ត្រូវគេរំពឹងផងដែរថា នឹងធ្វើការចុះ​ហត្ថលេខាលើ​កិច្ចសហប្រតិបត្តិការ​មិនតិចជាង១០ នោះឡើយ។

ដោយឡែកបន្ទាប់ពី​ប្រទេសរុស្ស៊ី លោកប្រធានាធិបតី​ចិន​នឹងបន្តដំណើរ​ទៅកាន់ប្រទេស​អាល្លឺម៉ង់ សម្រាប់ការ​ធ្វើទស្សនកិច្ច​ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា ក្រោមការ​អញ្ជើញរបស់​ប្រធានាធិបតីអាល្លឺម៉ង់​ លោក Frank-Walter Steinmeier និងអាធិការបតី​អាល្លឺម៉ង់​ លោកស្រី Angela Merkel។ ម៉្យាងវិញ​ទៀត លោក ស៊ី ជិនពីង ក៏នឹងចូលរួម​កិច្ចប្រជុំកំពូល G20 លើកទី១២ នៅឯទីក្រុង Hamburg នាថ្ងៃទី៧-៨ ខែដដែលនេះ​ថែមទៀតផង។

គួរបញ្ជាក់ថា ប្រតិភូអម​ដំណើររបស់លោក ស៊ី រួមមានភរិយា​របស់លោក គឺលោកស្រី ពេង លីយាន់ និងមន្រ្តីជាន់​ខ្ពស់រដ្ឋាភិបាលចិនដទៃផ្សេង​ទៀត ក៏ដូចជាមេ​ជំនួញធំៗនៃប្រទេសចិន​ផងដែរ៕