(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បានទាញសាកសពមនុស្ស០៨នាក់ ចេញពីឧទ្ធម្ភាគចក្រ​មួយគ្រឿង ដែលបានធ្លាក់នៅ​ភាគខាងលិចប្រទេស​កាលពីថ្ងៃអាទិត្យ។ នេះបើតាម​អ្នកនំាពាក្យ​ក្រុមមន្ត្រី​ជួយសង្រ្គោះ​ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ​ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

មន្ត្រីអ្នកនាំពាក្យរូបនេះ​ដដែល បានបញ្ជាក់​ទៀតថា ឧទ្ធម្ភាគចក្រ​ខាងលើប្រតិបត្តិដោយក្រុមមន្ត្រី​ជួយសង្រ្គោះ​ឥណ្ឌូណេស៊ី បានធ្លាក់ម៉ោងប្រមាណ ១៦៖០០នាទី នៅឯភូមិ Canggal នៃស្រុក Temanggung ស្ថិតនៅភាគ​កណ្ដាលខេត្ត​ជា្វ(Java) នៅអំឡុងពេលហោះ​នៅក្បែរភ្នំភ្លើង Dieng ដើម្បីជម្លៀស​ជនរងគ្រោះ​ពីបន្ទុះភ្នំ​ភ្លើងនេះ។

គួរបញ្ជាក់ថា ជនរងគ្រោះ​ទំាង០៨នាក់ ដែលជិះនៅលើឧទ្ធម្ភាគចក្រនេះ​មានអ្នកបញ្ជាការបើកបរចំនួន ០៤នាក់ និងក្រុមអ្នកជួយ​សង្រ្គោះ០៤នាក់ ក៏ប៉ុន្តែមូលហេតុ​នៃគ្រោះថ្នាក់ កំពុងសិ្ថតនៅក្រោម​ការស៊ើបអង្កេត​នៅឡើយ។ ដោយឡែកឯសាកសព​របស់​ជនរងគ្រោះ ត្រូវសមត្ថកិច្ចបញ្ចូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ដើម្បីតម្កល់ទុក​រង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយក៕