(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ​​ បានប្រារព្ធ​ខួប​កំណើត​នៃការបង្កើត​ «កងកម្លាំងយុទ្ធសាស្ត្រ​ទទួលបន្ទុក​អភិវឌ្ឍន៍​មីស៊ីលផ្លោង» ដោយថែម​ទំាងបាននិយាយ​ទៀតថា មីស៊ីល​របស់ខ្លួនអាច​បាញ់ដល់គ្រប់ទីកន្លែង​ទំាងអស់​ នៅលើ​ពិភពលោក។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ការអះអាង​បែបនេះ​ពីសំណាក់​កូរ៉េខាងជើង កើតមានឡើងនៅ​ចំពេលក្រុមមន្ត្រី​អាមេរិកសន្និដ្ឋានថា កូរ៉េខាងជើង អាចនឹង​បាញ់សាកល្បង​មីស៊ីល​ផ្លោង​ឆ្លងទ្វីប ICBM ជាលើកដំបូង​នៅក្នុង​ឆ្នាំ២០១៧នេះ​ ខណៈក្រុមអ្នក​ជំនាញមួយ​ចំនួនយល់ថា ទីក្រុង​ព្យុងយ៉ាង​ទំនងជាអាចនឹង​ផលិតបាន​មីស៊ីល ICBM បាញ់ដល់​សហរដ្ឋអាមេរិក​យ៉ាងយូរ​នៅឆ្នាំ២០២០។ មិនតែ​ប៉ុណ្ណោះ​ពួកគេក៏រំពឹងដែរ​ថា របបដឹកនាំ​លោក គីម ជុងអ៊ុន អាចនឹងធ្វើ​តេស្ដអាវុធ​នុយក្លេអ៊ែរ ឬមីស៊ីលផ្លោង​ចំថ្ងៃដែល​មេដឹកនាំ​ពិភពលោក ចូលរួមក្នុង​កិច្ចប្រជុំ G20 នៅឯ​ទីក្រុង Humberg ប្រទេស​អាល្លឺម៉ង់​នៅថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដានេះ។

ដោយឡែក​ជាទម្លាប់​ដូចសព្វដង សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun នៅក្នុង​បទវិចារណកថា​របស់ខ្លួនបានលើកឡើងយ៉ាងដូច្នេះថា «កងកម្លាំង​យុទ្ធសាស្ត្រ​ដែលជាទីស្រឡាញ់​នៃប្រជាជនកូរ៉េខាងជើង គឺជា​មោទនភាព និងឥទ្ធិពល​របស់មាតុភូមិ​យើង ជាមួយនឹង​គ្រាប់មីស៊ីល​ដែលអាចបាញ់​ដល់គោលដៅ សត្រូវ គ្រប់ទីកន្លែង​ទំាងអស់នៅ​លើ​ពិភពលោក»

គួររំលឹកថា កាលពី​ខែមិថុនា ឆ្នាំ២០១៦ សភាកំពូល​ប្រជាមាតិ​កូរ៉េខាងជើង បានសម្រេច​យក​ថ្ងៃទី០៣ ខែកក្កដា ជាថ្ងៃកំណើត​បង្កើត​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េខាងជើង ក្រោយ​ត្រូវបាន​បង្កើត​កាលពី​ឆ្នាំ១៩៩៩។ ក៏ប៉ុន្តែអ្វី​ដែលចម្លែក​នោះគឺថា នៅក្នុងឱកាស​នៃខួបកំណើត​នេះ ទីក្រុងព្យុងយ៉ាង​មិនបាន​ផ្ញើសារគំរាម ឬក៏ប្រឆាំង​នឹងសហរដ្ឋអាមេរិក​នោះ​ឡើយ៕