(បាងកក)៖ ស្ថាប័នរដ្ឋមួយចំនួន​នៅក្នុងប្រទេសថៃ​បានប្រកាសថា ពួកគេមានលទ្ធភាពទិញ​យកជ័រកៅស៊ូពីទីផ្សារក្នុងស្រុក ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃយ៉ាងគំហុក​នាពេលបច្ចុប្បន្ន។ នេះបើតាមការ​ថ្លែងពីមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលថៃ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​នៃការិយាល័យ​នាយករដ្ឋមន្ត្រី លោក Ormsin Chivapruck បាននិយាយ​ថា ស្ថាប័នរដ្ឋចំនួន ១០ បានបញ្ជាក់​រួចហើយថា ពួកគេនឹងរួមគ្នា​ទិញជ័រកៅស៊ូ ២០,០០០តោន ក្នុងចំណោម​ផលិតសរុប​ដែលកំពុងកកស្ទះ​នៅលើទីផ្សារ​ចំនួន ១០៤,០០០តោន កំពុងតម្កល់ទុកនៅក្នុងឃ្លាំងរបស់រដ្ឋ។ រដ្ឋភិបាលថៃ​បានបង្ហាញក្តីរំពឹង​ថា ស្ថាប័នរដ្ឋមួយចំនួនទៀត នឹងអាចមានលទ្ធភាពទិញជ័រកៅស៊ូបន្ថែម តបតាមការអំពាវនាវកន្លងមក។

មន្ត្រីជាន់ខ្ពស់ខាងលើនេះ បានបន្ថែមទៀតថា អាជ្ញាធរជ័រកៅស៊ូរបស់ថៃ មានគំរោងក្នុងការប្រមែប្រមូលប្រាក់ ៣៤.៣លានដុល្លារអាមេរិក នៅក្នុងការជួយគាំទ្រដល់គំរោងរបស់រដ្ឋាភិបាល ក្នុងការរក្សាតម្លៃជ័រកៅស៊ូនៅលើ​ទីផ្សារក្នុងស្រុក ដែលកំពុងតែធ្លាក់ថ្លៃយ៉ាងគំហុកនេះ។ លោក Ormsin នឹងចាកចេញទៅប្រទេសម៉ាឡេស៊ីនៅ​សប្តាហ៍ក្រោយនេះ ដើម្បីធ្វើការពិភាក្សាអំពីវិធីរក្សាតម្លៃជ័រកៅស៊ូលើទីផ្សារ ដែលមានប្រទេសបីបានចងក្រងគ្នា​ជាគណកម្មាធិការ នៃប្រតិបត្តិការទីផ្សារយុទ្ធសាស្ត្រ ដូចជាថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា តម្លៃជ័រកៅស៊ូនៅក្នុងប្រទេសថៃ បានធ្លាក់ចុះមកនៅទាបបំផុតមិនធ្លាប់មាន គឺ ៥៩.៩បាត ឬ ១.៤៨ដុល្លារក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលតម្លៃជ័រកៅស៊ូគឺរហូតដល់ទៅ ៨០បាត ឬ ២.២៨ដុល្លារក្នុងមួយគីឡូក្រាមឯណោះ៕