(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិ​អាមេរិកបាន​ប្រកាសឲ្យដឹងថា ក្រុមហ៊ុន Rolls-Royce ដែលល្បីឈ្មោះ​ខាងផលិតរថយន្ត​ប្រណិតៗ​ តម្លៃរាប់​លានដុល្លារនោះ ទទួលបានកិច្ច​សន្យាមួយ​ដែលមានតម្លៃ​ជិត ៣៧លានដុល្លារអាមេរិក ដើម្បីទទួលខុស​ត្រូវលើការមើលថែទាំ​ម៉ាស៊ីន របស់យន្តហោះ​​ដឹកជញ្ជូនយោធាខ្នាតធំ C-130J Super Hercules របស់សហរដ្ឋអាមេរិក។ នេះបើ​តាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

នៅក្រោមកិច្ច​សន្យាតម្លៃ ៣៦,៩៨៩,០៧៦ដុល្លារខាងលើ ក្រុមហ៊ុន Rolls-Royce Corporation ដែលមានទីស្នាក់ការ​កណ្តាលនៅ​ក្នុង​ទីក្រុង​ឡុងដ៍ ​នៃ​ចក្រភពអង់គ្លេសនោះ នឹងមានតួនាទី​ផ្តល់ការគាំទ្រ​លើការថែទាំទាំងផ្នែកវិស្វកម្ម ក៏ដូចជាទិន្នន័យ​បច្ចេកទេស និងជួសជុលទៅលើយន្ត​ហោះ C-130J របស់ក្រសួងការពារជាតិអាមេរិក។

គួរបញ្ជាក់ថា យន្តហោះ Lockheed Martin C-130 នេះ គឺជាយន្តហោះយោធា​យុទ្ធសាស្រ្ត​ដឹកជញ្ជូន​ដ៏ចម្បង និងសំខាន់ជាងគេ​របស់​កង​ទ័ព​​អាកាស​អា​មេរិក ក្នុងការគាំទ្រ​ដល់ការដាក់​ពង្រាយកងទ័ព និងសព្វាវុធ​នៅតាមបណ្តា​មូលដ្ឋានទ័ព​ធំៗ​របស់សហរដ្ឋអាមេរិក នៅជុំវិញ​ពិភពលោកតែម្តង៕