(ម៉ូស្គូ)៖ ចិនកំពុងតែពង្រីក និងបង្កើនវិសាលភាព​នៃកម្លាំងយោធា​របស់ខ្លួន នៅក្នុងតំបន់​សមុទ្រចិនខាងត្បូង តាមរយៈការដាក់​ពង្រាយ​បន្ទាយ​ទ័ព​​អាកាស​ នៅលើ​​ប្រជុំកោះជម្លោះ Spratly សម្រាប់ផ្ទុក​យន្តហោះ​ចម្បាំង រួមទាំងមូលដ្ឋាន​ប្រព័ន្ធរ៉ាដា និងមីស៊ីល ដែលមានដំបូលបិទបើក ដើម្បី​អាច​បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ពីផ្ទៃដីទៅកាន់ផ្ទៃអាកាសបានជាដើម។ នេះបើតាមការអះអាង​ពី ក្រុមអ្នកវិភាគស្ថានការណ៍​ដែនសមុទ្រ​ប្រចាំតំបន់អាស៊ី​មានឈ្មោះថា AMTI របស់​សហរដ្ឋអាមេរិក ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

AMTI បានឲ្យដឹងថា រូបភាពថ្មីបំផុតដែល​ទទួលបានពីផ្កាយរណប​បង្ហាញថា បន្ទាយយោធា និងមូលដ្ឋាន​សម្រាប់បំពាក់​មីស៊ីល រ៉ាដា នឹងប្រព័ន្ធ​ទំនាក់ទំនង​មួយចំនួន កំពុងត្រូវបាន​កសាង​ឡើងនៅ​លើ​បណ្តាកោះ​សិប្បនិម្មិត ដែលក្នុងតំបន់ថ្មប៉ប្រះទឹក Fiery Cross, Mischief, និង Subi នៃប្រជុំកោះ Spratly។ ទីក្រុងប៉េកាំងបាន​បញ្ជាក់អះអាងថា ចិនគោរពប្រតិបត្តិ​យ៉ាងពេញ​ទំហឹង តាម​គោលការណ៍​សន្តិភាព​​ជាមួយ​បណ្តា​ប្រទេសជិតខាង ដែលកំពុងតតាំងគ្នាលើដែនអធិបតេយ្យភាព នៃបណ្តាតំបន់ថ្មប៉ប្រះទឹក និងប្រជុំកោះនានា នៅសមុទ្រចិនខាងត្បូង ក៏​ប៉ុន្តែ​សកម្ម​ភាព​​យោធា​នេះ បាននិងកំពុងស្តែង​ឲ្យឃើញថា ប្រទេសចិន​គឺមានបំណង​ពង្រឹងឥទ្ធិពល​ នៅក្នុងផ្លូវសមុទ្រដ៏សំខាន់នេះ​ទៅវិញទេ។

គួរបញ្ជាក់ថា ក្រៅពីចិន ប្រទេសដែលពាក់ព័ន្ធ​ក្នុងបញ្ហាវិវាទ នៅដែនសមុទ្រ​ចិនខាងត្បូងនេះ​រួមមានដូចជា​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ខណៈសហរដ្ឋអាមេរិក​ដែលពុំមានជាគូបដិបក្ខ​ក្នុងរឿងនេះឡើយនោះ តែងតែបាន​រិះគន់ចំពោះការពង្រីក​វិសាលភាពយោធា ​របស់ទីក្រុងប៉េកាំង នៅលើបណ្តាកោះសិប្បនិម្មិត​ទាំងប៉ុន្មានខាងលើ ដោយសារតែ​ព្រួយបារម្ភថា ពួកវានឹងត្រូវប្រើប្រាស់​ដើម្បីដាក់កំហិត​ទៅ​លើការធ្វើនាវាចរណ៍​ដោយសេរី ទៅមកក្នុងតំបន់​សមុទ្រចិនខាងត្បូង ដែលជាច្រកផ្លូវ​ធ្វើពាណិជ្ជកម្មដ៏​សំខាន់បំផុត​មួយរបស់​ពិភពលោក៕