(ម៉ិចស៊ីកូ)៖ យ៉ាងហោចណាស់​មនុស្ស ២៤នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស បន្ទាប់ពីកើតមានករណី​បាញ់ប្រហារគ្នារវាងក្រុមបងធំ​ស្ថិតនៅទីក្រុង Ciudad Juares ភាគខាងជើង​ប្រទេសម៉ិចស៊ីកូ ជាប់ព្រំដែននឹង​សហរដ្ឋអាមេរិក នៅអំឡុងពេល​តែពីរថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

តាមរបាយការណ៍​ពីអាជ្ញាធរម៉ិចស៊ីកូ ក្រុមបងធំគ្រឿងញៀន Sinaloa បានផ្ទុះជម្លោះដ៏ខ្លាំងក្លាជាមួយនឹងក្រុមបងធំ​នៅក្នុងទីក្រុង Ciudad Juares រយៈពេលពីរថ្ងៃមកនេះ ដោយបានសម្លាប់មនុស្ស ២៤នាក់ ប៉ុន្តែបើគិតពី​អំឡុងខែមិថុនាកន្លងទៅនេះវិញ គឺមនុស្សរហូតទៅដល់ ៧០នាក់ឯណោះ ដែលបានស្លាប់នៅក្នុងអំពើហិង្សា ដែលបានកើតមានឡើងជាច្រើនលើក នៅតំបន់ជាប់ព្រំដែន​អាមេរិកនោះ។

គួរបញ្ជាក់ថា ការរត់ពន្ធគ្រឿងញៀននៅ​តែបន្តកើតមាន នៅក្នុងរដ្ឋ Chinhuahua ភាគខាងជើងប្រទេសម៉ិចស៊ីកូ ដែលជាច្រកចេញចូលរវាងប្រទេសទាំងពីរ ហើយក្រុមរត់ពន្ធគ្រឿងញៀន តែងតែធ្វើការវាយប្រហារជាច្រើនលើក​ ដើម្បីយករដ្ឋខាងលើនេះ ធ្វើជាទីតាំងឈរជើងដ៏រឹងមាំរបស់ខ្លួន។ នៅរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ទីក្រុង Ciudad Juares ត្រូវបានកត់ចូលក្នុងបញ្ជីខ្មៅ ជាកន្លែងដែលមានការផ្ទុះអំពើហិង្សាខ្លាំងក្លា​បំផុតលើលោក ដោយមាន​អត្រា ៣,១០០លើក ជាមធ្យមក្នុងមួយឆ្នាំៗ៕