(កូស្ដារីកា)៖ ក្រុមអ្នកស្រាវជ្រាវ​កូស្ដារីកា បានរកឃើញ​វិធីសាស្ត្រមួយ​ ក្នុងការបបំលែងកាកសំណល់កាហ្វេ​ ទៅជាថាមពលអគ្គិសនី ឬចំហេះជីវៈ ហើយដែល​គំរោងនេះត្រូវ​បានដឹកនាំ ដោយសិស្ស​មួយក្រុម មកពីមហាវិទ្យាល័យ​វិស្វកម្មគីមី​នៃសកលវិទ្យាល័យ Costa Rica។ នេះបើតាមប្រភពពីសាកលវិទ្យាល័យ Costa Rica ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២៩ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសាកលវិទ្យាល័យ Costa Rica គំរោងនេះ​គឺមានគោលបំណង​ការពារបរិស្ថាន និងស្រទាប់​អូហ្សូនពីឧស្ម័នផ្ទះកញ្ចក់ ដូចជា​មេតានតាមរយៈការកាត់បន្ថយ​មិនឱ្យឧស្ម័ន​ទាំងនេះ ចូលទៅក្នុងបរិយាកាស និងបំលែងវាទៅជាថាមពលអគ្គិសនី ដែលអាចជួយ​សន្សំសម្ចៃការ​ចំណាយ ទៅលើប្រេងឥន្ធនៈទៀតផង។ ជាមួយគ្នា​នោះដែរ ប្រធានក្រុម​អ្នកស្រាវជ្រាវកម្មវិធីខាងលើ លោក Cindy Torres ក៏បានអះអាងដែរថា កម្មវត្ថុចម្បង​នៃគំរោងនេះ គឺផ្ដល់ចំណេះដឹង និងបច្ចេកទេស​ដល់អ្នក​ផលិតកាហ្វេ​ ក្នុងការប្រើប្រាស់​កាកសំណល់កាហ្វេ​ ជាថាមពល​អគ្គិសនី ដើម្បីចូលរួម​ចំណែកកាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងថាមពលកូស្ដារីកា ក៏បានគាំទ្រ​គំរោងនេះដែរ ខណៈពួកគេកំពុង​អនុវត្តន៍​គោលនយោបាយ NAMA ដែលជាគោលនយោបាយ​មួយកាត់​បន្ថយឧស្ម័ន​ផ្ទះកញ្ចក់៕